ឯកឧត្តម សុខ ឥសាន បានលើកឡើងថា អ្នកស្រីប៊ូ រចនា បានធ្លាក់ចូលក្នុង ឧបាយកលចុងក្រោយ របស់ពួកតិរច្ឆានតាម រយៈការធ្វើតាមឧបាយកលពួកគេ


ភ្នំពេញ៖ ក្រោយពីអ្នកស្រី ប៊ូ រចនា ភរិយា សពលោក បណ្ឌិត កែម ឡី ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសអូស្រ្តាលី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រស់នៅអូស្រ្តាលី ឲ្យចូលរួមធ្វើបាតុកម្មប្រឆាំងវត្តមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃម្ពុជា ក្នុងកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា អ្នកស្រីប៊ូ រចនា បានធ្លាក់ចូលក្នុង ឧបាយកលចុងក្រោយ របស់ពួកតិរច្ឆានតាម រយៈការធ្វើតាមឧបាយកលពួកគេ។

តាមរយៈបណ្ដាញទំនាក់ទំនង តេឡេក្រាម (Telagram) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម  សុខ ឥសាន បានឲ្យដឹងថា “ឧបាយកលចុងក្រោយ ពួកតិរច្ឆានបាននាំគ្នាអូសទាញ ភរិយាសពលោកបណ្ឌិត កែម ឡី ឲ្យទៅចូលក្នុងបន្ទាយ របស់ពួកគេងាយស្រួលបញ្ជាឲ្យធ្វើតាមឧបាយកលពួកគេ។ ឥឡូវដូចការ ប៉ាន់ស្មានមែន នៅពេលអ្នកស្រី ប៊ូ រចនា ធ្លាក់ទៅក្នុងអន្ទាក់ នយោបាយរបស់គេហើយ គេបានបង្គាប់ឲ្យអ្នកស្រីអំពាវនាវខ្មែរ នៅបរទេសឲ្យចូលរួមធ្វើបាតុកម្ម ប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទៅប្រជុំកំពូល អាស៊ាន អូស្ត្រាលី នាពេលខាងមុខនេះ”។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងទៀតថា “នេះបានហៅថា អ្នកស្រី ប៊ូ រចនា ស្ថិតនៅជាចំណាប់ខ្មាំងរបស់ពួកតិរច្ឆានមែនតែម្តង។ នេះ បញ្ជាក់ច្បាស់ពីឧបាយកលពិសពុល របស់ពួកតិរច្ឆាន ក្រៅប្រទេសយ៉ាងជាក់ស្តែង”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្រា្តលីចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី តបតាមការអញ្ជើញរបស់លោក ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull ) នាយករដ្ឋមន្រ្តីអូស្រា្តលី ។

សូមរំលឹកថា សមាគមប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានប្រកាសត្រៀមទទួលស្វាគមន៍ និងគាំទ្រចំពោះដំណើរ មកដល់របស់សម្តេចតេជោ ក្នុងស្មារតីរួបរួមជាតិខ្មែរ តែមួយទោះបីជាមានក្រុមប្រឆាំង មួយចំនួនគ្រោងធ្វើបាតុកម្ម ក៏ដោយ៕