គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបដិសេធចំពោះញត្តិរបស់តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិដែលផ្ញើជូនសម្តេចប្រធានរដ្ឋសភា ក្នុងការស្នើសុំចាត់វិធានការបន្ទាន់ ការពារអភ័យឯកសិទ្ធិសភារបស់ ឯកឧត្តម សម រង្ស៊ី, ឯកឧត្តម អ៊ុំ សំអាន, ឯកឧត្តម ហុង សុខហួរ និង ឯកឧត្តម កឹមសុខា ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភា ថ្ងៃទី៧ ខែមិថុនានេះ បានដកស្រង់ខ្លឹមសារញត្តិ គណបក្សសង្គ្រោះជាតិ ដែលថ្លែងថា ស្ថាប័នជាតិមួយចំនួន កំពុងធ្វើសកម្មភាពរំលោភលើអភ័យឯកសិទ្ធិសភា របស់សមាជិកសភាសង្គ្រោះជាតិទាំង ៤រូបខាងលើ… និងបានស្នើរកវិធានការណ៍ការពារបន្ទាន់ ។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភា បានសរសេរថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រជុំនៅថ្ងៃទី៦ ខែមិថុនា និងបានបដិសេធទាំងស្រុងនូវការលើកឡើងទាំងនោះ ។
គណៈកម្មាធិកាអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជាក់ទៅវិញថា ករណីទាំងអស់ គឺជាការប្រព្រឹត្តរបស់បុគ្គលពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលតុលាការបាននឹងកំពុងដោះស្រាយ សំណុំរឿងនីមួយៗទៅតាមនិតិវិធី និងច្បាប់ជាធរមាន ។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ករណី ឯកឧត្តម សម រង្ស៊ី ជារឿងបុគ្គលដែលបានប្រព្រឹត្តបទបរិហាកេរ្តិ៍បុគ្គល ១រូបទៀត… ចំណែកករណី ឯកឧត្តម ហុង សុខហួរ, ឯកឧត្តម អ៊ុំសំអាន ពាក់ព៏ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាក់ស្តែងចំនួន៣ គឺៈ បទក្លែងបន្លំឯកសារសាធារណៈ, បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម, ចំណែកករណី ឯកឧត្តម កឹម សុខា គឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង គឺបទបដិសេធក្នុងការចូលខ្លួន ។