ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា សម្ដីទណ្ឌិត សម រង្ស៊ី ដែលថាតំណាងរដ្ឋសភា និងព្រឹទ្ធសភាមកពីប្រទេស ១៧៣ នៅទូទាំងពិភពលោកបាន អនុម័តញត្តិមួយជាឯកច្ឆន្ទ ដើម្បីជំរុញរាជរដ្ឋាភិបាលកម្ពុជា គោរពលទ្ធិប្រជាធិបតេយ្យ ដើម្បីអនុញ្ញាតឲ្យអតីតគណបក្សសង្រ្គោះជាតិ (CNRP) ដំណើរការឡើងវិញនោះ គ្រាន់តែជាព័ត៌មានប្រឌិត បោកប្រាស់តែប៉ុណ្ណោះ ។
យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោក សម រង្ស៊ី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា “ថ្ងៃនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សហភាពអន្តរសភា (IPU) ដែលប្រមូលផ្តុំតំណាងរដ្ឋសភា និងព្រឹទ្ធសភា មកពី ១៧៣ ប្រទេសទូទាំងពិភពលោក បានអនុម័តញត្តិមួយជាឯកច្ឆន្ទ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ហើយចូលរួមក្នុងការបោះឆ្នោត ក្នុងឆ្នាំ២០១៨ នេះ” ។
ឯកឧត្តម សុខ ឥសាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៩ មីនានេះថា “អាហ្នឹងជាព័ត៌មានប្រឌិតរបស់ទណ្ឌិត សម រង្ស៊ីទេ កុំទៅឆ្ងល់ច្រើន ឆ្លៀតឱកាសហ្នឹងកំពុងតែខ្វារដៃ ខ្វារជើង ។ កាលបរិច្ឆេទការបោះឆ្នោតជិតឈានចូលមកដល់ហើយ គឺសម រង្ស៊ី កំពុងតែប្រកាច់ប្រកិន ហើយចង់បានចូលរួមការបោះឆ្នោត” ។
អ្នកនាំពាក្យកាន់អំណាចបានគូសបញ្ជាក់ថា ទោះបីមានព័ត៌មានដែលលោក សម រង្ស៊ី លើកឡើងជាការពិត ក៏ដោយក៏មិនអាចគ្របដណ្ដប់ លើឯករាជភាព និងអធិបតេយ្យភាព របស់កម្ពុជាបានដែរ ។
ឯកឧត្តម បន្តថា កាលពីពេលកន្លងទៅលោក សម រង្ស៊ី ចង់ឲ្យមានការជួបចរចាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងស្ដារខ្មោចអតីតគណបក្សសង្គ្រោះជាតិឲ្យរស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោត ។ លោកថា ការខិតខំរបស់ លោក សម រង្ស៊ី អស់ផ្លូវហើយ ហើយលោក សម រង្ស៊ី លើកឡើងថា បើសម្ដេចមិនចរចាជាមួយគាត់បាន អាចចរចាជាមួយអ្នកផ្សេងបាន ។
ឯកឧត្តម សុខ ឥសាន បានឲ្យដឹងទៀតថា ទោះបីជាអ្នកផ្សេងក៏ មិនអាចចរចាបានដែរ ព្រោះស្ថិតនៅក្នុងក្រុមឧទ្ទាមក្រៅច្បាប់ និងសុទ្ធតែជាជនដែលពាក់ព័ន្ធ នឹងបទល្មើសក្បត់ជាតិ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកុំស្រពេចស្រពិល តាមឧបាយកលឃោសនាបន្លំ បោកប្រាស់ សាធារណៈមតិជាតិ និងអន្តរជាតិ របស់ទណ្ឌិត សម រង្ស៊ី ក៏ដូចជាក្រុមឧទ្ទាមក្រៅច្បាប់ ។
សូមបញ្ជាក់ថា អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូល ប្រកាសរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារមេបក្ស លោក កឹម សុខា បានប្រព្រឹត្តអំពើក្បត់ជាតិ ដែលមានបរទេសនៅពីក្រោយ ៕