ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ៩ចំណុច គឺជាជ័យជំនះរបស់ទណ្ឌិត សម រង្សី និងបក្សពួកដែលមួយថ្ងៃឮ តែឈ្នះៗ រហូតអស់គូថខោ ហៅលែងឮតែម្តង


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាឯកឧត្តម សុខ ឥសាន បានលើកឡើងថា ៩ចំណុច គឺជាជ័យជំនះរបស់ទណ្ឌិត សម រង្សី និងបក្សពួកដែលមួយថ្ងៃឮ តែឈ្នះៗ រហូតអស់គូថខោ ហៅលែងឮតែម្តង ។

តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម  សុខ ឥសាន បានបញ្ជាក់ “ជាវប្បធ៌មរបស់ សម រង្សី ចាប់តាំងពីចូលប្រឡូកក្នុងនយោបាយមក សម រង្សី ស្រែកថាឈ្នះរហូត គឺមិនដែលស្រែកថាចាញ់ម្តងណាទេ ។ ប៉ុន្តែឈ្នះរបស់ សម រង្សី បានបង្ហាញច្បាស់តាម ទី១ – បានធ្វើជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាឆ្នាំ១៩៩៣ បានឈ្នះធ្លាក់ពីតំណែងនាឆ្នាំ១៩៩៤ ។ ២- បង្កើតគណបក្សជាតិខ្មែរ នាឆ្នាំ១៩៩៥ បានឈ្នះដូរឈ្មោះទៅជា គណបក្ស សម រង្សីវិញ “។

ឯកឧត្តម បានបន្តថា “ទី៣- ដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតឆ្នាំ១៩៩៧បានឈ្នះធ្វើឲ្យមនុស្សស្លាប់ជាង១៤ នាក់និងរបួសរាប់សិបនាក់ ។ទី៤- ចូលរួមការប្រកួតប្រជែងបោះឆ្នោត ចាប់ពីឆ្នាំ១៩៩៨រហូតដល់២០១៣ ទោះបីបានសម្លេងឆ្នោតខ្លះ តែនៅតែចាញ់គណបក្ស ប្រជាជនកម្ពុជាដដែល នេះហៅថាឈ្នះរបស់សម រង្សី ? ទី៥- សម រង្សី ឈ្នះតាំងពីធ្វើជាប្រធានគណបក្ស មកអស់តួនាទីតំណែង រហូតអស់ជាសមាជិបក្ស ឈ្នះពីនីមានសិទ្ធិជាពលរដ្ឋធម្មតាមកជាទណ្ឌិត ឈ្នះតាំងពីនៅក្នុងស្រុករហូតរត់ ចោលស្រុក ពនេចរកណ្តោចកណ្តែង ឯនាយសមុទ្រ គ្មានកោះត្រើយ “។

អ្នកនាំពាក្យបក្សកាន់អំណាច បានបញ្ជាក់បន្ថែមថា “ទី៦- ឈ្នះតាំងជាអ្នកប្រជាធិបតេយ្យ ក្លាយទៅជាអ្នកអនាធិបតេយ្យ ធ្វើសកម្មភាពឧទ្ទាមនិយមក្រៅច្បាប់ ដេីរញុះញង់គ្រប់កន្លែងប្រឆាំង នឹងជាតិសាសន៏ឯងគ្មានស្រាកស្រាន្ត ។ ទី៧- ឈ្នះតាំងពីនៅជាអ្នកនយោបាយក្លាយទៅ ជាជនក្បត់ជាតិ ដេីរតាមលំអានត្រកូលក្បត់ជាតិខ្លួន រហូតដល់ប្រព្រឹត្តអំពើសន្និដ្ឋិភាព ជាមួយបរទេស និងហ៊ានចុះកិច្ចព្រមព្រៀង កាត់ដី៤ខេត្តឲ្យយួនសេរីកាន់កាប់ ដែលជាទោសក្បត់ជាតិពេញទី ។ ទី៨- បង្កើតក្រុមឧទ្ទាមក្រៅច្បាប់ ប្រឆាំងនឹងប្រទេសខ្លួនឯង ដែលជាទោសក្បត់ជាតិថែមលើថែម ។ និងទី៩- ឈ្នះតាំងពីមានដៃគូសន្ទនារហូតដល់ អស់ដៃគូសន្ទនា ដោយសារខ្លួនឯងបំផ្លាញ វប្បធ៌មសន្ទនាចោល ឥឡូវមុខឆ្កែស្រែជម្រៅ មករកសុំចរចា”៕