ភ្នំពេញ៖ បន្ទាប់ពីលោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានបង្ហាញពីអារម្មណ៍ចង់ឃើញ ថ្នាក់ដឹកនាំបក្សនយោបាយធំៗចំនួនពីរ គឺបក្សប្រជាជនកម្ពុជា (CPP) និងអតីតបក្សសង្រ្គោះជាតិ (CNRP) ចូលតុចរចាផ្នែកនយោបាយ ឲ្យបានមុនបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងថា គ្មានឱកាសបានឃើញថ្នាក់ដឹកនាំ CPP និងអតីត CNRP ចូលតុចរចាវិញឡើយ ។
ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញ សង្គមតេឡេក្រាមនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ថា នៅពេលថ្មីៗនេះ មានប្រធានអង្គការមិនមែនរដ្ឋាភិបាលមួយ បានបញ្ចេញមតិជាចំហរថា លោកចង់ឃើញ គណបក្សប្រជាជនកម្ពុជា និងអតីតបក្សប្រឆាំងជួបចរចាគ្នាឡើងវិញ ដើម្បីដោះស្រាយបញ្ហា នយោបាយនៅកម្ពុជា ។
ឯកឧត្តមបន្តថា បើតាមលោកប្រធានអង្គការនោះ ពេលវេលាមានតែ ២-៣ សប្តាហ៍ទេ ដែលត្រូវសម្រេចចិត្តជួបចរចាគ្នា ក្រោមការធ្វើមេអណ្តើកពីប្រទេសជប៉ុននោះ ។ ឯកឧត្តមបន្ថែមថា ដូចប្រជាជនកម្ពុជា បានជ្រាបរួចហើយថា ជប៉ុន បង្ហាញជំហររបស់ខ្លួនរួចហើយថា មិនលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាទេ ហើយប្តេជ្ញាបន្តទ្រទ្រង់ ជំនួយដល់កម្ពុជាតទៅទៀត ជាពិសេសជំនួយឲ្យ គ.ជ.ប ដើម្បីរៀបចំការបោះឆ្នោត នាពេលខាងមុខ ឲ្យប្រព្រឹត្តទៅដោយរលូន ។ លោកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ជាក់ច្បាស់ហើយថា ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៦ នេះនឹងប្រព្រឹត្តទៅតាមការគ្រោងទុកនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ។
ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា “ដូច្នេះការចង់ឃើញរបស់ លោកប្រធានអង្គការនោះ ប្រាកដជាមិនបានឃើញមានការចរចាណាមួយ រវាងគណបក្សប្រជាជនកម្ពុជា ជាមួយអតីតបក្សប្រឆាំង ដែលត្រូវបានរំលាយចោលដោយតុលាការ កំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារបទល្មើស របស់អតីតបក្សប្រឆាំងនោះរួចហើយ នោះទេ” ។
សូមរំលឹកថា លោក ព្រាប កុល បានសរសេរលើបណ្តាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ថា ឱកាសល្អនៃការសន្ទនា នយោបាយមួយបានកន្លងផុតទៅ ដោយសារតែអ្នកនយោបាយ វាយកំទេចផ្ទះឈើ៣ខ្នង ដើម្បីធ្វើអូសដុតស្ងោរពងទា ១គ្រាប់ ។ ឥឡូវនេះ ពេលវេលាសម្រាប់ការសន្ទនា ដើម្បីអាចឈានទៅរកដំណោះស្រាយ នយោបាយប្រកបដោយការ សម្បទានទៅវិញទៅមក រវាងភាគីទាំងពីរ គឺនៅសល់តែ៣សប្តាហ៍ទៀតប៉ុណ្ណោះ បើពន្យាដល់ ៥សប្តាហ៍ទៀតគឺយឺតពេល ។
ការចង់ឃើញការ សន្ទនាផ្នែកនយោបាយនេះ បន្ទាប់ពីប្រទេសជប៉ុន ដែលជាមិត្តជិតស្និតជាមួយ កម្ពុជាកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បានសួរនាំអំពីលទ្ធភាពនៃ ការចរចារវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ប៉ុន្តែសម្តេចបានតបទៅវិញថា វប្បធម៌សន្ទនាដែលសម្តេច បានបង្កើតជាមួយលោក សម រង្ស៊ី ពីអតីតកាលបានបរាជ័យហើយ ៕