ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី២៧ មីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការញុះញង់របស់លោក ហុង លីម និងការសំឡុតគំរាមតុលាការ របស់មេធាវី ខុសនីតិវិធីច្បាប់ មិនអាចឲ្យជនជាប់ចោទទោសក្បត់ជាតិ (លោក កឹម សុខា) បានរួចខ្លួននោះឡើយ ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា កាលពីពេលកន្លងទៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបន្តឃុំខ្លួន កឹម សុខា ៦ ខែទៀត ដើម្បីបន្តនីតិវិធី ។ មេធាវី កឹម សុខា បានប្តឹងឧទ្ធរណ៏ជំទាស់ នឹងការបន្តឃុំខ្លួននេះ ។ នៅថ្ងៃទី ២៧ ខែ មីនា ២០១៨ នេះ កឹម សុខា នឹងត្រូវនាំខ្លួនមកបង្ហាញខ្លួនចំពោះមុខ សវនាកាសាលាឧទ្ធរណ៏។
ឯកឧត្តម បានបន្តទៀតថា “ប្រឆាំងនឹងការបើកសវនាកានេះ ហុង លីម ដោយខ្លាចមិនហ៊ានមកខ្លួនឯង បានអំពាវនាវញុះញង់ឲ្យប្រជាជន មហាជន មកប្រមូលផ្តំគ្នាតវ៉ានៅខាងមុខ សាលាឧទ្ធរណ៏ ឲ្យដោះលែង កឹម សុខា ។ នៅពេលសវនាកា គេមិនឃើញមានមហាជនណា ចេញមុខតវ៉ាតាមការញុះញង់របស់ហុង លីម នោះទេ គ្មានអ្នកណាខ្វល់ នឹងអ្នកណាជាប់គុកនិងជាប់ទោសឡើយ ។ បងប្អូនបាននិងកំពុង សប្បាយរីករាយឆ្ពោះទៅ អបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីយ៏ជាតិខាងមុខ “។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមថា “ចំណែក ក្រុមមេធាវី របស់ កឹម សុខា មិនបានអនុវត្តតាម នីតិវិធីច្បាប់ទេ តែបែរជាបោះពាក្យ សំដីបែប គំរាមកំហែង តុលាការឲ្យដោះលែង កឹម សុខា ទៅវិញ”៕