ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការញុះញង់របស់លោក ហុង លីម និងការសំឡុតគំរាមតុលាការ របស់មេធាវី ខុសនីតិវិធីច្បាប់ មិនអាចឲ្យជនជាប់ចោទទោសក្បត់ជាតិ (លោក កឹម សុខា) បានរួចខ្លួននោះឡើយ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី២៧ មីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការញុះញង់របស់លោក ហុង លីម និងការសំឡុតគំរាមតុលាការ របស់មេធាវី ខុសនីតិវិធីច្បាប់ មិនអាចឲ្យជនជាប់ចោទទោសក្បត់ជាតិ (លោក កឹម សុខា) បានរួចខ្លួននោះឡើយ ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា កាលពីពេលកន្លងទៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបន្តឃុំខ្លួន កឹម សុខា ៦ ខែទៀត ដើម្បីបន្តនីតិវិធី ។ មេធាវី កឹម សុខា បានប្តឹងឧទ្ធរណ៏ជំទាស់ នឹងការបន្តឃុំខ្លួននេះ ។ នៅថ្ងៃទី ២៧ ខែ មីនា ២០១៨ នេះ កឹម សុខា នឹងត្រូវនាំខ្លួនមកបង្ហាញខ្លួនចំពោះមុខ សវនាកាសាលាឧទ្ធរណ៏។

ឯកឧត្តម បានបន្តទៀតថា “ប្រឆាំងនឹងការបើកសវនាកានេះ ហុង លីម ដោយខ្លាចមិនហ៊ានមកខ្លួនឯង បានអំពាវនាវញុះញង់ឲ្យប្រជាជន មហាជន មកប្រមូលផ្តំគ្នាតវ៉ានៅខាងមុខ សាលាឧទ្ធរណ៏ ឲ្យដោះលែង កឹម សុខា ។ នៅពេលសវនាកា គេមិនឃើញមានមហាជនណា ចេញមុខតវ៉ាតាមការញុះញង់របស់ហុង លីម នោះទេ គ្មានអ្នកណាខ្វល់ នឹងអ្នកណាជាប់គុកនិងជាប់ទោសឡើយ ។ បងប្អូនបាននិងកំពុង សប្បាយរីករាយឆ្ពោះទៅ អបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីយ៏ជាតិខាងមុខ “។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមថា “ចំណែក ក្រុមមេធាវី របស់ កឹម សុខា មិនបានអនុវត្តតាម នីតិវិធីច្បាប់ទេ តែបែរជាបោះពាក្យ សំដីបែប គំរាមកំហែង តុលាការឲ្យដោះលែង កឹម សុខា ទៅវិញ”៕