ឯកឧត្តម សុខ ឥសានបានថ្លែងថា ការកសាង និងតែងតាំងមន្ត្រីបានផ្អែក ទៅលើលក្ខណៈសម្បត្តិ របស់មន្ត្រីម្នាក់ៗ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យបក្ស កាន់អំណាច បានថ្លែងថា ការកសាង និងតែងតាំងមន្ត្រីបានផ្អែក ទៅលើលក្ខណៈសម្បត្តិ របស់មន្ត្រីម្នាក់ៗ តាមរយៈការឆ្លងកាត់ សកម្មភាពការងាររបស់មន្ត្រីនោះ នៅក្នុងចលនាមហាជន នៅមូលដ្ឋាន ។

ឯកឧត្តមបានឲ្យដឹងតាម ប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ថា តាមបទពិសោធន៍ជាក់ស្តែង មនុស្សមានការប្រែប្រួល ខាងសតិអារម្មណ៍ រហូតដល់អ្នកខ្លះភ្លើតភ្លើននឹងបុណ្យស័ក្តិ មុខតំណែង តួនាទី ដោយមិនគិតថាតួនាទី គឺជាបន្ទុកទទួលខុសត្រូវ ក្នុងការធ្វើសកម្មភាពបម្រើបុព្វហេតុជាតិ និងប្រជាជននោះទេ តែបែរជាយកតួនាទី ទៅធ្វើជាមុខរបររកស៊ី ដើម្បីមានបានសម្រាប់ក្រុមគ្រួសារ និងបុគ្គលខ្លួនទៅវិញ ។

ឯកឧត្តមថា ក៏ប៉ុន្តែទោះយ៉ាងណាក្តី គោលបំណង និងសំណូមពរនៃការតម្លើងថ្នាក់ និងតែងតាំងមន្ត្រីគឺល្អ តែមនុស្សទេដែលប្រែប្រួល ។ មុនតែងតាំងល្អគួរឲ្យទុកចិត្ត ប៉ុន្តែក្រោយមានតួនាទី តំណែងបែរជាប្រែធាតុទៅវិញ ៕