លោកបណ្ឌិត គីម ហ៊ាង ៖ តំបន់ភ្នំប្រសិទ្ឋមានសក្តានុពល នាពេលអនាគត

32827

ភ្នំពេញ :អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា តំបន់ភ្នំបាសិតមានសក្តានុពល ក្នុងការវិនិយោគលើវិស័យ អចលនទ្រព្យនាពេលអនាគត ខណៈតំបន់នេះកំពុងមាន សកម្មភាព ពុះដីឡូត៍លក់រីកដូចផ្សិត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកបណ្ឌិត គីម ហាង បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា តំបន់ភ្នំប្រសិទ្ធមានសក្តានុពល ខ្ពស់ក្នុងការវិនិយោគលើវិស័យ អចលនទ្រព្យនាពេលអនាគត ដោយសារតំបន់នេះមានទីតាំង មិនឆ្ងាយពីទីក្រុង ជាតំបន់ដែលមានសណ្ឋានដីខ្ពស់ ដីសល់ទំនេរច្រើន ដែលងាយស្រូលក្នុងការរៀបចំ ទីក្រុងនាពេលអនាគត។

លោកបន្តថា “ខ្ញុំគិតថាតំបន់នេះនឹងមានការរីកចម្រើន នាពេល អនាគត ដោយសារលក្ខខ័ណ្ឌខាងលើ និងស្ថានភាព អាកាសធាតុល្អ និងហេដ្ឋារចនាសម្ព័ន្ឋងាយ តភ្ជាប់ជាមួយ ក្រុងភ្នំពេញ”។ ចំណែកលោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium housing Co, Ltdដែលបានបោះទុនជិត១លានដុល្លារ ដើម្បីទិញដីពុះឡូត៍លក់ជាមួយដៃគូរបស់ខ្លួនបានថ្លែងឲ្យផងដែរថា តំបន់នេះកាន់តែខិតមកកៀករាជធានីភ្នំពេញហើយ ដោយសារដីស្ថិតក្នុងស្រុកអង្គស្នួលនេះ ស្ថិតនៅជាប់ជាមួយ ខ័ណ្ឌព្រែកព្នៅ និងខ័ណ្ឌពោធិសែនជ័យ ដែលជាខ័ណ្ឌបង្កើតថ្មី នៅរាជធានីភ្នំពេញ។

លោកបន្តថា តំបន់នេះមានចម្ងាយ២០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការ អភិវឌ្ឍយ៉ាងឆាប់ រហ័ស ដោយសារមានផ្លូវបេតុង និងមានភ្លើងអគ្គិសនីតចូល ដល់បណ្តើរៗហើយ ប៉ុន្តែបណ្តាញទឹកស្អាតមិនទាន់ ភ្ជាប់នៅ ឡើយទេ។

លោកបន្តថា “ដីតំបន់នេះខ្ពស់ មិនប្រឈមមុខនឹងការលិចទឹក ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍នៅតំបន់នេះ មិនចាំបាច់ចំណាយ ទុនច្រើនក្នុងការចាក់ដីឡើយ ប៉ុន្តែទោះជាយ៉ាងណាពេលនេះ មិនទាន់មានគំរោងអភិវឌ្ឍន៍ធំៗចូលទៅតំបន់នេះនៅឡើយ”។លោកបន្តថា “ដោយសារមើលឃើញស្ថានភាពបែបនេះ ទើបលោកវិនិយោគពុះដីឡូត៍នៅតំបន់នេះ ដោយចាប់យក អតិថិជនជាអ្នកមានប្រាក់ចំណូលទាប និងមធ្យម ព្រោះដីមួយឡូត៍មានតំលៃចាប់ពី២៧០០ដុល្លារ -៥០០០ដុល្លារប៉ុណ្ណោះ”។

លោក ម៉ាន់ ចាន់ឌី បានសម្តែងសុទិដ្ឋិនិយមថា នាពេល អនាគតលោកជឿ ថាតំបន់នេះ នឹងកាត់ចូល រាជធានីភ្នំពេញ ព្រោះតំបន់នេះស្ថិតនៅជាប់សង្កាត់ពន្សាំង សង្កាត់ស្នោ សង្កាត់ពញ្ញាពាន់ សង្កាត់ព្រែកព្នៅ នៃខ័ណ្ឌព្រែកព្នៅ និងខ័ណ្ឌពោធិសែនជ័យរួចទៅហើយ។លោកបន្តថា ដីនៅតំបន់នេះបានកើនតំលៃចន្លោះ១០ទៅ២០ភាគរយក្នុងមួយឆ្នាំ អាស្រ័យលើទីតាំងនិមួយៗ និងទំហំដីជាក់ស្តែង។
តំបន់នេះស្ថិតក្នុងឃុំម្កាក់ និងឃុំទួលព្រិច ស្រុកអង្គស្នូល ខេត្តកណ្តាល ដែលភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ដែលលូនកាត់ស្រុកឧត្តុង មកកាន់ស្រុកអង្គស្នូល ផ្លូវជាតិលេខ៤។
លោក ផិត សិរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WHP Realty Co, Ltdឧកញ៉ាជាច្រើននៅតំបន់នេះ ដូចជា ក្រុមហ៊ុនING CITY, 7NG ថ្មីមួយនាពេលអនាគតឆាប់ៗនេះ។ លោកបន្តថា “តំបន់នេះកំពុងត្រូវបានរៀបចំ”។

លោកបន្តថា“តំលៃដីសមរម្យនៅតំបន់នេះ ក៏អាចទាក់ទាញ អ្នកវិនិយោគ អាចមានលទ្ឋភាពបោះទុនផងដែរ”។

លោក ផិត សិរីវឌ្ឍន៍ បានបន្តថា បច្ចុប្បន្នមានក្រុមហ៊ុន ជាច្រើន បាន ពុះដីឡូត៍លក់នៅតំបន់នេះ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវ ពិសេសអតិថិជនមានប្រាក់ចំណូលមធ្យម និងមានប្រាក់ចំណូល ទាបអាចមានលទ្ឋភាពឆ្លើយតបបាន ជាហេតុធ្វើឲ្យអ្នកពុះ ដីឡូត៍ លក់ទទួលបានជោគជ័យជាបន្តបន្ទាប់។

កញ្ញា ពេជ្រ ស្រីវណ្ណ មានស្រុកកំនើតនៅភូមិស្រែដូនតូច សង្កាត់ពញ្ញាព័ន្ឋ ខ័ណ្ឌព្រែកព្នៅ ជាសង្កាត់ទើបកាត់ចូល មករាជធានីភ្នំពេញ និងស្ថិតនៅជាប់តំបន់ភ្នំបាសិទ្ឋបាននិយាយថា កញ្ញាមើលឃើញតំបន់នោះមានការផ្លាស់ប្តូរលឿន ហើយជីវភា ពប្រជាពលរដ្ឋមានភាពល្អប្រសើរជាងមុន ដោយសារអ្នកស្រុកនៅតំបន់នេះមានដីលក់ ហើយយកមកធ្វើអាជីវកម្មផ្សេងៗ។ កញ្ញាបន្តថា មានអ្នកវិនិយោគទៅពីរាជ ធានីភ្នំពេញបានចូលទៅទិញដីនៅតំបន់នេះ ហើយធ្វើការពុះឡូត៍លក់ដាច់ជាបន្តបន្ទាប់ផងដែរ។ កញ្ញាបន្តថា “តំបន់ភ្នំប្រសិទ្ឋមានចម្ងាយប្រមាណ៧គីឡូម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ៥ ត្រង់ផ្សារព្រែកព្នៅ។ វាមានចម្ងាយជិត ដែលជាហេតុធ្វើឲ្យតំបន់នោះមានការរីកចំរើនលឿននាពេលអនាគត”។កញ្ញាបន្តថា “ខ្ញុំគិតថាតំបន់នេះនឹងមានការអភិវឌ្ឍលឿន ព្រោះប្រជាពលរដ្ឋនៅតំបន់នេះជាអ្នកមានចំណេះដឹង និងស្ថានភាពភូមិសាស្រ្តនៅទីនោះមានភាពអំណោយផល”។
អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានថ្លែងថា នៅក្នុងផែនការពង្រីកទីក្រុងឆ្នាំ២០៣៥ ក្រុងមិនមានគំរោងកាត់តំបន់នេះចូលមកទីក្រុងភ្នំពេញនោះទេ ដោយសារក្រុងមានផែនការពង្រឹងប្រសិទ្ឋិភាពនៃការគ្រប់គ្រងសង្កាត់ទាំង២០ ដែលទើបកាត់ចូលមកក្នុងដែលរដ្ឋបាលរាជធានីភ្នំពេញឲ្យមានរបៀបរៀបរយសិន ព្រោះបច្ចុប្បន្នសង្កាត់ទាំងនោះមានការរបៀបរៀបរយ និងតំបន់មួយចំនួនមិនទាន់មានរបៀបរៀបរយនៅឡើយទេ៕

 32827

 32826

 32825