គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចក្នុងរាជរដ្ឋាភិបាល កំពុងសិក្សា និងត្រៀមរៀបចំច្បាប់មួយ ដើម្បីអោយអ្នកគ្រប់គ្រងស្ថាប័នធំៗក្នុងប្រទេសកម្ពុជា ជាពិសេសប្រធានគណបក្សនយោបាយ គឺជាមនុស្សមានសញ្ជាតិខ្មែរតែមួយ ដោយមិនអាចមានសញ្ជាតិបរទេសលាយឡំនោះឡើយ ។
សម្តេចតេជោសែន បានមានប្រសាសន៍អំពីការគ្រោងរៀបចំច្បាប់នេះ ក្នុងប្រសាសន៍លើកឡើង ពេលចូលរួមក្នុងពិធីប្រគល់សញ្ញាប័ត្រជូនដល់និស្សិតចំនួន ៣ពាន់ ៧៦៩នាក់ នៃសកលវិទ្យាល័យច្បាប់ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ។
ប្រសាសន៍គ្រោងធ្វើច្បាប់ដល់អ្នកដឹកនាំស្ថាប័នធំៗ អោយមានសញ្ជាតិខ្មែរតែមួយ គឺនៅបន្ទាប់ពីភាពជូរចត់ច្រើន ដងនៃអ្នកឈរឈ្មោះដឹកនាំមានសញ្ជាតិ២ បានធ្វើអោយសង្គមកម្ពុជានៅតែរងនឹងវិបត្តិញុះញង់ដោយការចេះតែរត់ទៅក្រៅស្រុក និងពឹងបរទេសដើម្បីដាក់ទណ្ឌកម្មលើជាតិខ្មែរខ្លួនឯង និងមិនត្រឹមប៉ុណ្ណោះថែមទាំងបានលាបពណ៌ជាតិសាសន៍ខ្មែរ ដែលទើបប្រឹងងើបរួចពីរណ្តៅនៃសង្គ្រាម ធ្វើអោយបរទេសមើលងាយ ដោយការនិយាយចោទខ្មែរខ្លួនឯង អាក្រក់ខុសពីការពិត ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជានេះ ។