ទូតតួកគីនឹងជំរុញឲ្យមានជើងហោះហើរត្រង់មកកម្ពុជាឲ្យបាន ក្នុងអាណត្តិការងាររបស់ខ្លួននៅកម្ពុជា

33246

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ អេយដា អុងលូ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានបញ្ជាក់ថា ក្នុងអាណត្តិការងារនៅកម្ពុជា លោកជំទាវនឹងជំរុញឲ្យមានជើងហោះហើរត្រង់មកកម្ពុជាឲ្យទាល់តែបាន ដើម្បីផ្លាស់ប្ដូរចរន្តភ្ញៀវទេសចរពីគ្នាទៅវិញទៅមក។

ជំនួបពិភាក្សានេះធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឲ្យភាគីតួកគីដែលជាប្រទេសជោគជ័យ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា រួមមាន ការវិនិយោគលើការបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ផងដែរ។

ក្រសួងទេសចរណ៍កម្ពុជា និងតួកគី ក៏នឹងខិតខំឲ្យមានការចុះហត្ថលេខា លើអនុស្សរណនៃការយោគយល់គ្នា អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ដែលក្នុងនោះក៏នឹងមានជុំរុញការវិនិយោគ ការបណ្តុះបណ្តាល និងការហោះហើរត្រង់ពីតួកគីមកកាន់កម្ពុផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីតំបន់ទេសចរណ៍ជាច្រើននៅកម្ពុជា ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទជាច្រើនកន្លែងផ្សេងទៀត តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត តំបន់អេកូទេសចរណ៍ព្រៃកោងកាង អារ៉ែង និងភូមិភាគគឦសានជាដើម។ លោកក៏បានគោរពអញ្ជើញលោកជំទាវឯកអគ្គរដ្ឋទូត ទៅទស្សនាតំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍នៅកម្ពុជាផងដែរ។

សូមជម្រាបថា ជើងហោះហើរត្រង់ដែលប្រទេសតួកគីកំពុងហោះហើរនេះ មានចំនួន ១១៩ប្រទេស ឆ្ពោះទៅកាន់ទីក្រុងប្រមាណ ២៥០ទីក្រុង ក្នុងនោះនៅតំបន់អាស៊ាន មានប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី៕

 33247

 33251

 33249

 33250

 33253

 33252

 33248