អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសសង្គ្រោះបឋម ដល់មន្ត្រីពាក់ព័ន្ធ ប្រចាំការក្នុងឧទ្យានអង្គរ


ប្រធានភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាតាមបណ្តាប្រាង្គប្រាសាទនានា មន្ត្រី នគរបាល ការពារបេតិកភណ្ឌ នគរបាល ទេសចរណ៍ និងនគរបាលចរាចរណ៍ប្រចាំតំបន់ ឧទ្យានអង្គរ កំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋម ពីក្រុមអ្នក ជំនាញ The CPR Hero training center មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ វគ្គសិក្សានេះធ្វើឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។
ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល នេះមាន ប្រសាសន៍ថា គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺធ្វើឲ្យប្រសើរឡើងនូវសេវាកម្ម ទេសចរណ៍ក្នុងតំបន់អង្គរ។ “ដូចយើងដឹងស្រាប់ហើយ បច្ចុប្បន្នអង្គរគឺជាតារាមួយដួង ដែលភ្ញៀវ ទេសចរជាច្រើនកំពុងចាប់អារម្មណ៍។ ដូច្នេះយើងត្រូវព្យាយាមពង្រឹងគុណភាព នៃការ ទស្សនានេះឲ្យរឹងរឹតតែប្រសើរឡើងថែមទៀត។ ភ្ញៀវទេសចរមានច្រើន ដូច្នេះ ឧបទ្ទហេតុចំពោះពួកគាត់ច្បាស់ជាគេចមិនផុតឡើយ។ ការចេះវិធីសាស្ត្រជួយសង្គ្រោះពួក គាត់បានទាន់ពេល និងប្រកបដោយសុវត្ថិភាព ក៏ជាតម្រូវការចាំបាច់មួយសម្រាប់យើងអ្នក ធ្វើការពាក់ព័ន្ធនឹងអង្គរទាំងអស់គ្នា”។
វគ្គសិក្សានេះ បានផ្តោតសំខាន់លើរបៀបជួយឱ្យមានដំណើរការដង្ហើមឡើងវិញ និងការវាយ តម្លៃជនរងគ្រោះថា តើគ្រោះថ្នាក់កម្រិតណាដែលអាចជួយនៅនឹងកន្លែង ហើយកម្រិតណា ដែល ត្រូវការឡានពេទ្យជាចាំបាច់។ បើទោះជាត្រូវការឡានពេទ្យក៏ដោយ ក៏អ្នកដែលចេះវិធី ជួយសង្គ្រោះ បឋមអាចជួយឲ្យពួកគាត់រួចផុតពីគ្រោះថ្នាក់បាន ក្នុងករណីដែលត្រូវរង់ចាំឡាន សង្គ្រោះបន្ទាន់។ បន្ថែមពីនោះក៏មានការហ្វឹកហាត់ឆ្លើយតបទៅនឹងឧបទ្ទវហេតុជាយថាហេតុ ធ្វើយ៉ាងណាបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យឬគោលដៅសុវត្ថិភាពដែលនៅក្បែរបំផុតបានទាន់ពេលវេលា។
ដោយសារមេរៀននេះមានសារៈសំខាន់ ឯកឧត្តមបញ្ជាក់ថា នឹងពង្រីកវគ្គបណ្តុះបណ្តាលនេះ ទៅកាន់អ្នកពាក់ព័ន្ធដទៃទៀតដូចជា មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបើកបរ ឬក៏អ្នកស្រុកផ្ទាល់តែម្តង ព្រោះចំណេះដឹងនេះចេះរឹតតែច្រើនរឹតតែល្អ ចំពោះសេវា ទេសចរណ៍។ ដោយឡែក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារ The CPR Hero training center នឹងចុះទៅពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរ មួយចំនួន ដោយឥតគិតថ្លៃផងដែរ៕

Apsara 3-7-2016 (1)

Apsara 3-7-2016 (2)

Apsara 3-7-2016 (3)

Apsara 3-7-2016 (4)

Apsara 3-7-2016 (5)

Apsara 3-7-2016 (6)

Apsara 3-7-2016 (7)

Apsara 3-7-2016 (8)

Apsara 3-7-2016 (9)

Apsara 3-7-2016 (10)

Apsara 3-7-2016 (11)

Apsara 3-7-2016 (12)

Apsara 3-7-2016 (13)

Apsara 3-7-2016 (14)

Apsara 3-7-2016 (15)

Apsara 3-7-2016 (16)

Apsara 3-7-2016 (17)

Apsara 3-7-2016 (18)