អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រតិកម្មទៅនឹងសេចក្តីព្រាងច្បាប់ថវិការបស់ព្រឹទ្ធសភា អាមេរិក


ជំនួយថវិកាជិត៨០លានដុល្លារ គឺស្ថិតនៅក្នុងសេចក្ដីព្រាងច្បាប់ថវិកាមួយ ដែលគ្រោងទឹកប្រាក់សរុបជាង៥២ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើកិច្ចប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេសរបស់សហរដ្ឋអាមេរិក រួមមាន ការពង្រឹងចំណងទាក់ទងជាមួយប្រទេសជាសម្ព័ន្ធមិត្ត ការប្រយុទ្ធប្រឆាំងនឹងសកម្មភាពក្រុមភេរវកម្ម ការពង្រឹងវិស័យសុខាភិបាលពិភពលោក និងការពង្រឹងប្រជាធិបតេយ្យ។
ប៉ុន្តែ សំណើថវិកាសម្រាប់ប្រទេសកម្ពុជានេះ ក៏ភ្ជាប់មកជាមួយនូវលក្ខខណ្ឌផងដែរ ពោលគឺកម្ពុជានឹងទទួលបានជំនួយនេះ លុះត្រាតែ «រដ្ឋាភិបាលនៃប្រទេសកម្ពុជាបញ្ឈប់អំពើហិង្សា និងការយាយីអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន មានប្រសាសាន៍ថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការផ្ដល់ជំនួយថវិកាពីសហរដ្ឋអាមេរិក។
ឯកឧត្តម បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានញាំញីទៅលើគណបក្សប្រឆាំងនោះទេ។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ការផ្ដល់ឬមិនផ្ដល់ឲ្យជំនួយនេះ គឺអាស្រ័យលើការសន្និដ្ឋាន របស់សហរដ្ឋអាមេរិកចំពោះដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
«សូមជម្រាបជូនថា រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន មិនបានយាយីទៅលើគណបក្សប្រឆាំងទេបាទ។ អីចឹងទេ បញ្ហាដែលកើតឡើងកន្លងទៅនេះ មិនមែនជាការយាយីទេ តែជាលទ្ធផលនៃការប្រព្រឹត្តល្មើសច្បាប់របស់សាមីជន នៅក្នុងជួរគណបក្សសង្គ្រោះជាតិ»។