អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យនិងព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំស្តៅ ស្រុកសេសាន


នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងចំនួន៤២នាក់ ចុះពិនិត្យនិងព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយឥតគិតថ្លៃ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើរសាកសួសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋ នៅឃុំស្តៅទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងរួមសុខ រួមទុក្ខជាមួយបងប្អូន និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ពិសេសគឺសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ បណ្តាញទឹក និងភ្លើង រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋបន្តខិតខំបង្កបង្កើនផល បញ្ជូនកូនទៅសាលារៀន និងថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសទៅពិនិត្យនិងព្យាបាលជម្ងឺជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលឯកឧត្តមបានដឹកនាំមកនាថ្ងៃនេះ។ ឯកឧត្តម បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំខានឲ្យសោះ ពិសេសគឺបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនពោរពេញដោយសុខសន្តិភាពបន្តទៀត។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំង៤៥៧នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួនមួយ៕