អនុប្រធានធនាគារពិភពលោក លោកស្រី Victoria បានសន្យាផ្តល់ជំនួយដល់កម្ពុជា ដើម្បីធ្វើឱ្យវិស័យសុខាភិបាលនៅកម្ពុជា កាន់តែរីកចម្រើនទៅមុខ និងមានប្រសិទ្ធភាព ។ ការសន្យានេះ ធ្វើឡើងគ្រាដែល លោកស្រី Victoria មកធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀត កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៦ ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ។
ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងថា ការធ្វើទស្សនកិច្ចរបស់ លោកស្រី Victoria គឺដើម្បីស្វែងយល់អំពីសេវាសុខាភិបាល និងដើម្បីមើលការងារជាក់ស្តែងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមន្ទីរពេទ្យនេះ គ្របដណ្តប់នូវសេវាជាច្រើន ជាពិសេសការមើលថែទាំ ព្យាបាល ដល់ប្រជាពលរដ្ឋមានជីវភាពក្រលំបាក ។ ឯកឧត្តមបានបញ្ជាក់ថា មន្ទីរពេទ្យនេះ មានមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល សំរាប់ផ្តល់សេវាសុខភាពដល់ប្រជាពលរដ្ឋ ។ លោកបានបញ្ជាក់ថា លោកស្រី Victoria ក្នុងនាមធនាគារពិភពលោក ខិតខំប្រឹងប្រែងបន្តជួយដល់កម្ពុជា ដើម្បីធ្វើឱ្យវិស័យសុខាភិបាលនៅកម្ពុជា កាន់តែមានការរីកចម្រើនទៅមុខទៀត ។
ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងកោតសរសើរដល់មន្ត្រីបុគ្គលិកសុខាភិបាលកម្ពុជា ទាំងអស់ ដែលបម្រើការងារបានល្អ ។ ជាមួយនេះ ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការធ្វើសុខដុមនីយកម្មជាមួយដៃគូអភិវឌ្ឍន៍ ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍សហវត្សប្រកបដោយនិរន្តរភាព ។