កម្ពុជាមានផែនការកាត់បន្ថយ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារឆ្នាំ២០១៦-២០២៥


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាមានផែនការកាត់បន្ថយនិងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ឆ្នាំ២០១៦–២០២៥ ហើយនេះជាការអះអាង របស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៦ខែកក្កដា នាទីស្តីការក្រសួងការងារ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការ ប្រឆាំងនឹងពលកម្មកុមារ គឺជាកិច្ចការដ៏សំខាន់ មួយរបស់ រាជរដ្ឋាភិបាល ដើម្បីកសាងប្រទេសជាតិឲ្យរីក– ចម្រើនថ្កុំថ្កើង និងលើកកម្ពស់ការងារឲ្យបានសមរម្យនៅកម្ពុជា។
ឯកឧត្តម បានបន្តថា ការរៀបចំឱ្យមានផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយពលកម្មកុមារនិងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ២០១៦–២០២៥ពិតជាមានសារ:សំខាន់ ដើម្បីធានានូវឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជាសំដៅជំរុញឧត្តមភាពនៃមូលធនមនុស្ស និងធានាកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម បានថ្លែងបញ្ជាក់ថា ក្រសួងការងារនឹងបង្កើតឱ្យមានគណៈ–កម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដើម្បីជាយន្តការសម្របសម្រួល និងផ្តល់ យោបល់ជូនរាជរដ្ឋាភិបាល លើសកម្មភាពជាបន្ទាន់សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរ បំផុតនៃពលកម្មកុមារនិងក៏ជាយន្តការសម្របសម្រួល ដ៏ចម្បងក្នុងទិដ្ឋភាពគោលនយោបាយ ច្បាប់ ការអនុវត្តច្បាប់ ការផ្សព្វផ្សាយ និងវាយតម្លៃការអនុវត្តកម្មវិធីដែលពាក់ព័ន្ធពលកម្មកុមារ។
យោងតាមសេចក្តីថ្លែងហេតុ ស្តីពីផែនការសកម្មភាពជាតិកាត់បន្ថយពលកម្មកុមារនិងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ២០១៦–២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានបង្ហាញថា ចាប់ពីឆ្នាំ២០១៣ ដល់ខែមេសា ឆ្នាំ២០១៥ កុមារចំនួន ១៨ពាន់ ២៧៣នាក់ ត្រូវបានទប់ស្កាត់ និងដកហូតពីពលកម្មកុមារ និងយុវជន ១.២០០នាក់ បានទទួលសេវាអប់រំបំប៉នបញ្ជូនទៅសាលារៀនក្នុងប្រព័ន្ធ និងផ្តល់កំណើនជីវិត។
លើសពីនេះ ក្រុមគ្រួសារពលករកុមារក្រីក្រ និងងាយរងគ្រោះចំនួន ៨.៩៥១គ្រួសារ ទទួលបានសេវាគាំទ្រជីវភាពផងដែរ៕