ឯកឧត្តម គឹម សន្តិភាព៖ បក្សប្រឆាំងកំពុងប្រើនយោបាយទុច្ចរិតបោកប្រាស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស


(ភ្នំពេញ) ៖ ក្រោយពីបានឃើញនូវការស្នើរបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំងទៅ គ.ជ.បឱ្យបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតនៅក្រៅប្រទេស មន្ដ្រីនាំពាក្យមួយរូបបាននិយាយថាវាហាក់មិនមានអ្វីភ្ញាក់ផ្អើល នោះទេ ព្រោះបក្សនេះតែងតែប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីបម្រើឱ្យ នយោបាយទុច្ចរិត បោកប្រាស់របស់ខ្លួនក្នុងគោលបំណងទទួលបាននូវអ្វីដែលខ្លួនចង់បានដោយឥតអៀនខ្មាស់។
ឯកឧត្តម គឹម សន្ដិភាព មន្ដ្រីនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះសារក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នារសៀលថ្ងៃទី៦ខែកក្កដា នេះថា “សេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែលមានតំណាងគណបក្សទាំងពីរចូលរួមការពារនៅក្នុងសម័យ ប្រជុំពេញអង្គ នៃរដ្ឋសភាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ហើយដែលបានអនុម័តដោយសមាជិកសភាដោយសំឡេង១០១ និង១០៣ ស្តែងឱ្យឃើញច្បាស់ថា វាកើតចេញពីការឯកភាពរវាងគណបក្សទាំងពីរក្នុងសភា”។
ឯកឧត្តម គឹម សន្ដិភាព បានបន្ដថា “ក្នុងអត្ថបទច្បាប់ដែលបានអនុម័តនេះ គឺបានកំណត់ច្បាស់លាស់អំពីប្រព័ន្ធបោះឆ្នោត ទីតាំងចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសត្រូវបានធានានូវសិទ្ធិសេរីភាព ក្នុងការចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោត តាមការិយាល័យ និងល័ក្ខខ័ណ្ឌដែលបានកំណត់ក្នុងច្បាប់ហើយដែលកើតចេញពីការឯកភាព របស់គណបក្សទាំងពីរ។
ក្នុងសារនោះ ឯកឧត្តម ក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសកុំលុះជឿតាម ការបោកប្រាស់ពីសំណាក់អ្នកនយោបាយទុច្ចរិតមួយចំនួន ដែលហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីតែលាបសក្ការៈ ដែលបានមកពីបងប្អូននៅក្រៅប្រទេសតែប៉ុណ្ណោះ។ចេតនាមួលបង្កាច់ ទម្លាក់កំហុសនេះ ជាជម្រើសរបស់ក្រុមប្រឆាំង ដើម្បីភូតកុហកបោកប្រាស់បងប្អូននៅក្រៅប្រទេសអោយគាំទ្រគេតែ ប៉ុណ្ណោះ ក្នុងដំណើរក្រៅប្រទេសរបស់គេនាពេលខាងមុខ។