ក្រសួងឧតុនិយម ប្រកាសឱ្យប្រុងប្រយ័ត្នទឹកជំនន់ កើនឡើងក្នុងខេត្ត៣


Flood 07 07 16 2 copy

     មន្ត្រីក្រសួងធនធានទឹកប្រកាសខេត្តចំនួន៣ ជាប់ដងទន្លេមេគង្គប្រុងប្រយ័ត្នទឹកជំនន់ នាប៉ុន្មានថ្ងៃខាងមុខនេះ គ្រាដែលភ្លៀងត្រូវគេព្យាករណ៍ថា នឹងធ្លាក់ច្រើនគំហុកចាប់ពីថ្ងៃស្អែកនេះ ។ អគ្គនាយករងកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ៅហាក់ បានឲ្យដឹងថា ការបន្តហក់ឡើងកំពស់ទឹកជំនន់នេះ គឺក្នុងរវាងពីរយ:ពេលពី៤ ទៅ ៥ថ្ងៃខាងមុខ ។

     សេចក្តីជូនដំណឹងបានបន្តថា នៅស្ថានីយជលសាស្រ្តស្ទឹងត្រែងទឹកអាចនឹងឡើងដល់ ៨,៥០m… ក្រចេះទឹកអាចឡើងដល់ ១៦,០០m… កំពង់ចាមទឹកអាចឡើងដល់ ៩,០០m… និងបាសាក់ចតុមុខទឹកអាចឡើងដល់៦,០០m ។ មន្ត្រីអគ្គនាយករងកិច្ចការបច្ចេកទេស ទោះបីកំពស់ទឹកទាបជាងកម្រិតប្រុងប្រយ័ត្នក្តី តែទឹកនឹងហូរចូលតាមព្រែក និងតំបន់ទំនាបនានា អាចធ្វើឲ្យប៉ះពាល់ដល់ដំណាំកសិកម្ម ។

     ក្រសួងធនធានទឹក និងឧតុនិយម កាលពីកន្លងមកបានអំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតនៃជ្រលងសម្ពាធទាប ខណៈដែលក្រសួងព្យាករឃើញថា ចាប់ពីថ្ងៃទី៧ ខែកក្កដាស្អែកនេះ ដល់ថ្ងៃទី១២ ខែកក្កដាសប្ដាហ៍ក្រោយ ភ្លៀងនឹងចាប់ផ្ដើមធ្លាក់ខ្លាំងពេញផ្ទៃប្រទេស ដោយនាំមកនូវបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនាំឲ្យមានការជន់លិច នៅតាមតំបន់វាលទំនាបមួយចំនួន។ ការព្យាករណ៍បញ្ជាក់ទៀតថា ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប បង្កឡើងដោយព្យុះឈ្មោះនេប៉ាតាក់ (Nepartak) ។ ក្រសួងបានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសអ្នកទេសចរ និងប្រជានេសាទសមុទ្រ គួរគប្បីផ្អាកកម្មវិធីចេញកម្សាន្តតាមកោះ និងនេសាទត្រីក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ព្រោះនៅលើផ្ទៃសមុទ្រអាចមានខ្យល់បក់បោកខ្លាំង ៕

Flood 07 07 16 3 copy

Flood 07 07 16 4 copy