ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍ការកីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទព្រឹត្តិការណ៍កីឡាជាតិលើកទី២ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល១១ថ្ងៃកន្លងទៅ។

ពិធីបិទនេះ ធ្វើឡើងតាមស្ដង់ដារពិធីបិទកីឡាស៊ីហ្គេម ជាមួយការរៀបចំផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើន មិនចាញ់ពិធីបើកកាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅថ្មីៗនេះឡើយ។

ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាកិច្ចចាប់ផ្តើមនៃសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបិទកីឡានៅថ្ងៃនេះ ពិតជាសប្បាយរីករាយក្រោមសុខសន្តិភាពនៅទូទាំងប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការជ្រើសយកប្រធានបទប្រកួតកីឡាជាតិលើកទី២ «កីឡាដើម្បីសន្តិភាព និងការអភិវឌ្ឍ» គឺជាប្រធានបទមួយដ៏ត្រឹមត្រូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ ដែលបានប្រទានភ្លើងគុប។ សម្តេចបានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិនឹងបន្តធ្វើនៅឆ្នាំ២០២០ និង២០២២។

* ឈរលើទ្រឹស្តី «ហូបផ្លែឈើនឹកដល់អ្នកដាំ ហូបទឹកនឹកដល់ប្រភព» សម្តេចតេជោ ហ៊ុន សែន បានគោរពដឹងព្រះគុណ និងថ្លែងអំណរព្រះគុណដល់ព្រះបរមរតនកោដ្ឋ ដែលបានសាងសង់ពហុកីឡដ្ឋានជាតិ រួមនឹងហេដ្ឋរចនាសម្ព័ន្ធនានា បម្រើដល់ការប្រកួតកីឡា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រូបង្វឹក ថ្នាក់ដឹកនាំកីឡា កីឡាករ កីឡាការិនី ម្ចាស់ឧបត្ថម្ភ រួមទាំងអាជ្ញាធរខេត្តទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នា ធ្វើឲ្យព្រឹត្តិការណ៍កីឡាជាតិប្រព្រឹត្តិទៅបានដោយជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ខេត្តប៉ៃលិន នឹងអាចដណ្តើមបានមេដាយនឹងគេ សម្រាប់ការប្រកួតលើកក្រោយ ខណៈការប្រកួតកីឡាជាតិលើកទី២នេះ មិនទទួលបានមេដាយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយខ្លាំងចំពោះព្រឹត្តិការណ៍កីឡាជាតិលើកទី២ ជាមួយការរៀបចំដ៏ធំ ហើយសម្តេចរំពឹងថា ព្រឹត្តិការណ៍លើកទី៣ នឹងធំជាងនេះ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើ និងជំរុញឲ្យមានការគិតគូរលើកកម្ពស់កីឡាជាតិ ឲ្យក្លាយទៅជាចលនាជាតិមួយ ហើយសង្ឃឹមថា វិស័យកីឡានេះនឹងជំរុញតាំងពីថ្នាក់បឋម និងនៅតាមបណ្តាឃុំផងដែរ។

* សម្តេចតេជោ បានលើកឡើងថា ទ្រឹស្តីយោធាបើមិនបង្ហូរញើសលើទីលានហ្វឹកហាត់ អ្នកនឹងបង្ហូរឈាមនៅលើទីលានប្រយុទ្ធ សម្រាប់កីឡាវិញ បើអ្នកមិនបង្ហូរញើសលើទីលានហ្វឹកហាត់ នាក់នឹងបរាជ័យលើទីលានប្រកួត។

* សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើទៅដល់អាជ្ញាធររាជធានី-ខេត្ត រៀបចំឲ្យមានកន្លែងហាត់ប្រាណឲ្យបានកាន់តែច្រើន ដើម្បីផ្តល់កន្លែងឲ្យប្រជាពលរដ្ឋហាត់ប្រាណ ជួយធ្វើឲ្យសុខភាពកាន់តែរឹងមាំ និងល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសុខសន្តិភាព នឹងគ្មានការរីកចម្រើនលើវិស័យកីឡានោះឡើយ។

* សម្តេច បានឲ្យប្រជាពលរដ្ឋក្រឡេកមើលទៅអតីតកាល ដ៏ជូរចត់របស់កម្ពុជា ដែលពហុកីឡដ្ឋាន ដែលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ប្រឹងប្រែងកសាងឡើងដើម្បីសកម្មភាពកីឡា តែបែរជាក្លាយទៅជាកន្លែងចុះចតយន្តហោះទៅវិញនៅក្នុងពេលមានសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានឲ្យក្រឡេកទៅមើលប្រទេសអាហ្វហ្គានីស្ថាន និងបណ្តាប្រទេសមួយចំនួនទៀតនៅមជ្ឈិមបូព៌ា ដែលកំពុងមានសង្គ្រាម គឺមិនអាចរៀបចំព្រឹត្តិការណ៍កីឡាបានឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យជនរួមជាតិទាំងអស់ រួមដំណើរជាមួយសម្តេច ដើម្បីរក្សានូវសុខសន្តិភាព និងនាំមកនូវវឌ្ឍនភាពទៅមុខបន្តទៀត។