អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ទង្វើទណ្ឌិត សម រង្ស៊ី ជាការប្រមាថអង្គព្រះមហាក្សត្រ ល្មើសរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ!


(ភ្នំពេញ)៖ ភ្លាមៗមិនទាន់ក្តៅបន្ទាប់ពី លោក សម រង្ស៊ី ចោទព្រះរាជសាររបស់ព្រះមហាក្សត្រថាក្លែងក្លាយនោះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមុខអះអាងថា ការចោទប្រកាន់បែបនេះ គឺជាការជាការប្រមាថអង្គព្រះមហាក្សត្រ ល្មើសរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសជននេះដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ

លោក គឹម សន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា៖ ​«រដ្ឋធម្មនុញ្ញបានកំណត់ច្បាស់ថា “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ”។ ការប្រមាថព្រះរាជសារ របស់ព្រះមហាក្សត្រដោយចោទថា ជាព្រះរាជសារក្លែងក្លាយ និងអំពាវនាវមិនឱ្យខ្វល់ខ្វាយព្រះរាជសាររបស់ព្រះមហាក្សត្រនោះ ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិយស និងព្រះកិត្តិនាមអង្គព្រះមហាក្សត្រ។ ទង្វើនេះជាអំពើប្រមាថអង្គព្រះមហាក្សត្រ ល្មើសរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ មាត្រា៤៣៧ស្ទួន ដែលកំណត់អោយផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល»

ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលងប់ងុលនឹងការប្រឆាំងរាជរដ្ឋាភិបាល បានបង្ហោះលើបណ្តាញសង្គម Facebook របស់លោក ដោយចោទព្រះរាជសារព្រះមហាក្សត្រ ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិនោះ ថាជាព្រះរាជសារក្លែងក្លាយ។

ក្រោយការចោទប្រកាន់នេះ ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ ក្រសួងព្រះបរមរាជវាំង លោក គុយ សុផល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតទាំងអស់ នៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនោះ គឺជាព្រះរាជសារពិតប្រាកដហើយ។

នៅក្នុងព្រះរាជសារព្រះមហាក្សត្រ ព្រះអង្គបានមានព្រះតម្រិះឃើញថា ការបោះឆ្នោតខាងមុខនេះ គឺជាការបោះឆ្នោតដ៏សំខាន់។ ព្រះអង្គបានមានព្រះបន្ទូលថា៖ «ជនរួមជាតិ ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត! ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។

ព្រះអង្គមានព្រះបន្ទូលទៀតថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះសូមកុំឲ្យមានការព្រួយបារម្ភ ពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឲ្យសោះ។

ព្រះរាជសារព្រះមហាក្សត្រ គឺបានធ្វើឡើងស្របពេលដែល លោក សម រង្ស៊ី និងក្រុមអ្នកប្រឆាំងមួយចំនួន បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឱ្យសោះ បើសិនជាអតីតគណបក្សសង្រ្គោះជាតិ មិនបានចូលរួមប្រកួតប្រជែងទេនោះ៕