ចិនសន្យាពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត រវាងខេត្តហៃណាននិងខេត្តកំពង់ចាម


លេខាបក្សខេត្តហៃណាន ប្រទេសចិនបានសន្យាថានឹងបន្ដ ខិតខំជំរុញកិច្ចសហប្រតិបត្តិ ការបន្ថែមទៀត រវាងខេត្តហៃណាន និងខេត្តកំពង់ចាម ដើម្បីពង្រឹងការអភិវឌ្ឍ លើវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាឯកឧត្តម លូ បៅម៉ីង (Luo Baoming) លេខាបក្សខេត្ត ហៃណាន បានជម្រាបជូន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅវិមានសន្តិភាព ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុម អ្នកយកព័ត៌មាន ក្រោយពីជំនួប នោះថា ឯកឧត្តម លូ បៅម៉ីង លេខាបក្សខេត្តហៃណាន បានលើកឡើងថា ខេត្តហៃណាន បានជួយបណ្តុះ បណ្តាលព្រះសង្ឃកម្ពុជាសរុបប្រមាណ៤០០អង្គ រួចមកហើយ។
ឯកឧត្តមបានបន្តថា ដំណើរ ទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ គឺមានគោលដៅជាច្រើនទៀត ក្នុងការ  ជំរុញ លើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយខេត្តកំពង់ចាមលើគ្រប់វិស័យ ក្នុងនោះបានផ្តោត ជាពិសេស លើវិស័យកសិកម្ម ដោយសារខេត្តកំពង់ចាមមានសក្តានុពលខ្លាំង ខាងវិស័យ នេះ។
ឯកឧត្ដមក៏បានជម្រាបជូនសម្តេចតេជោផងដែរថា ដោយអនុវត្តន៍លើកិច្ចសហ ប្រតិបត្តិកន្លងមកនៅក្នុង ខែកក្កដានេះ ភាគិចិននឹងភ្ជាប់ការហោះហើរ ត្រង់ពីទីក្រុងហៃកៅ ខេត្តហៃណាន មកកាន់រាជធានី ភ្នំពេញ និងខេត្តសៀមរាប។
ឯកឧត្តមក៏បានសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីនាំក្រុមគ្រូពេទ្យឯកទេសភ្នែករបស់ប្រទេសចិន ឱ្យមកជួយព្យាបាលប្រជាជនកម្ពុជា ផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ខេត្តហៃណាន ដែលបានចាប់ យក ខេត្តកំពង់ចាម ធ្វើជាដៃគូសហប្រតិបត្តិការជួយ ដល់ខេត្តកំពង់ចាម ដើម្បីការ អភិវឌ្ឍរីកចម្រើន។
សម្តេចតេជោបានសម្តែងនូវការរីករាយជាមួយនឹងការជួយបណ្តុះបណ្តាលព្រះសង្ឃកម្ពុជាពីភាគីចិន ដើម្បី ការរីកចម្រើននៃធនធានមនុស្សនៅកម្ពុជា និងបានគាំទ្រចំពោះការចុះអនុស្សរណៈលើការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ជាមួយខេត្តកំពង់ចាម។
ទាក់ទងនឹងការស្នើសុំបញ្ជូនក្រុមគ្រូពេទ្យឯកទេសភ្នែករបស់ខេត្តហៃណានប្រទេសចិនឱ្យមកជួយព្យាបាល ប្រជាជនកម្ពុជា សម្តេចសូមស្វាគមន៍ ចំពោះ បំណងល្អនេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យភាគីចិន ឆាប់បញ្ជូនក្រុមគ្រូពេទ្យបានកាន់តែលឿន កាន់តែល្អ ពីព្រោះនៅកម្ពុជា មានអ្នកជំងឺភ្នែក ច្រើន ដែលត្រូវ ការការជួយព្យាបាល។
ទន្ទឹមនឹងនេះ ការចាប់ផ្តើមភ្ជាប់ការហោះហើរត្រង់ពីខេត្តហៃណាន មកកាន់រាជធានី ភ្នំពេញ និង ខេត្ត  សៀមរាប សម្តេចតេជោបានសម្តែង នូវការសាទរ ដោយបានចាត់ទុកថា នេះគឺជាកក្តាសំខាន់ក្នុងការតភ្ជាប់ រវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា ចិន៕