ឯកឧត្តម គឹម សន្តិភាព៖ ការស៊ើបអង្កេត ឃាតកម្មលើលោក កែម ឡី មិនចាំបាច់មានការលូកដៃពីបរទេសទេ


អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើឲ្យប្រជាពលរដ្ឋនានាចូលរួមសហការផ្តល់ ព័ត៌មានផ្តល់ភស្តុតាង និងផ្តល់អ្វីៗដែលខ្លួនបាន ឃើញ ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជូនទៅសមត្ថកិច្ច ដែលកំពុងធ្វើការស៊ើបអង្កេត ឬជូនទៅចៅក្រមស៊ើបសួរ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើឲ្យប្រជាពលរដ្ឋនានាចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់ភស្តុតាង និងផ្តល់អ្វីៗដែលខ្លួន បានឃើញ ទាក់ទងនឹងការសម្លាប់លោក កែម ឡី ប្រធានអង្គការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគមួយរូប ។
ថ្លែងប្រាប់អ្នកសារព័ត៌មានថ្ងៃទី១៣ ខែកក្តដា នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព លើកឡើងថា ជាគោលការណ៍រួម បទល្មើសនានា ដែលកំពុងស្ថិតនៅក្នុងដំណើរការស៊ើបអង្កេត គឺច្បាប់បានបើកចំហរ ឲ្យប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍បានដឹងនានាចូលរួមផ្តល់ពត៌មាន ផ្តល់ភស្តុតាង តម្រុយ នានា ជូនទៅសមត្ថកិច្ចដែល កំពុងដឹកនាំការស៊ើបអង្កេត នាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម គឹម សន្តិភាព៖ កម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួន មានច្បាប់របស់ខ្លួន ដែលរាល់ពេលបទល្មើសកើតឡើង គឺមិនអនុញ្ញាតិឲ្យបរទេស ឬមជ្ឈដ្ឋានអន្តរជាតិ លូកដៃចូលក្នុងការងារអនុវត្តរបស់កម្ពុជានោះទេ ។ ដូច្នេះជារួម ទាក់ទងនឹងការសម្លាប់លោក កែម ឡី មិនចាំបាច់មានលូកដៃពីបរទេសទេ។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានជនត្រូវចោទដែលដាក់ឈ្មោះខ្លួនឯងថា ជួប សម្លាប់ បាញ់នៅក្នុងម៉ាត ស្តុបបូកគោ នៅព្រឹកថ្ងៃទី១០ ខែកក្តដាឆ្នាំ២០១៦៕