សិក្ខាសាលាផ្សព្វផ្សាយការដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយ ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមកិតិ្តបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្ដីក្រសួមុខងារសាធារណៈ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា និង ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីការដាក់ឲ្យអនុវត្តអនុក្រឹត្យស្ដីពីការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដល់តួរអង្គដែលត្រូវបំពេញតួនាទី ក្នុងគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអង្គភាពសេវាសាធារណៈជាគោលដៅដែលត្រូវជ្រើសរើសសម្រាប់ការវាយតម្លៃនៅឆ្នាំ២០១៨ -២០១៩ គ្រប់នាយក នាយិកាសាលានៃវិទ្យាល័យក្រោមឱវាទរបស់ក្រសួងអប់រំយុវជននិងកីឡា និងប្រធានមន្ទីរពេទ្យបង្អែក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលផ្ដល់សេវាសំណុំសកម្មភាពបង្រ្គប់សកម្មភាព កម្រិត ១ កម្រិត ២ កម្រិត ៣ ដើម្បីត្រៀមលក្ខណៈនិងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវតួនាទីភារកិច្ចរបស់ខ្លួន។ ដោយមានសមាសភាពចូលរួមទាំងអស់សរុបចំនួន ១១០០នាក់ ។