រតនគិរី៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃខាងមុខនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យបុគ្គលណាមួយ បង្កចលាចលរាំងស្ទះ ដល់ដំណើរការបោះឆ្នោត និងការធ្វើសកម្មភាព របស់គណបក្សនយោបាយឡើយ ក្នុងនាមអាជ្ញាធរមានសិទ្ធិគ្រប់គ្រាន់ ក្នុងការអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលណា ដែលមានបំណងបំផ្លិចបំផ្លាញ ដំណើរការបោះឆ្នោតបានឡើយ ។
សូមជម្រាបថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ រដ្ឋបាលខេត្តរតនគិរី សហការជាមួយ គ.ជ.ប ខេត្ត ក្នុង ក្នុងគោលបំណងផ្សព្វផ្សាយ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ អំពីផែនការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈទាំងមុនដំណើរការ ក្នុងដំណើរការ និងក្រោយដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ សំដៅធានាឲ្យដំណើរការ រៀបចំការបោះឆ្នោត នាពេលខាងមុខ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ រក្សាបាននូវសុខសុវត្ថិភាព សន្តិសុខសាធារណៈ របៀបរៀបរយល្អប្រសើរ ទទួលបានការជឿទុកចិត្តបាន ពីសាធារណជនជាតិ និងអន្តរជាតិ ព្រមទាំងសំដៅទប់ស្កាត់រាល់ អំពើភេរវកម្ម ការធ្វើវិទ្ធង្សនា វិច្ឆេទកម្មសេដ្ឋកិច្ច ការបង្ករចលនានយោបាយផ្សេងៗ ។
កិច្ចប្រជុំនេះមានការចូលរួម ពីលោក-លោក ស្រីអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ ប្រធាន- អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ទូទាំងខេត្ត មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងបីថ្នាក់ស្រុក និងអង្គការសង្គមស៊ីវិល ដែលមានមូលដ្ឋាន បំពេញបេសកកម្ម នៅខេត្តរតនគិរី ទាំងអស់ ៕