អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្វខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៨


មណ្ឌលគិរី៖ ដើម្បីបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ ក្នុងការរួមគ្នាលើកស្ទួយវិស័យសុខុមាលភាពកុមារឱ្យកាន់តែល្អប្រសើរ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា អាជ្ញាធរខេត្តមណ្ឌលគិរី បានប្រារព្វខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៨ ក្រោមអធិបតី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាជិត៣០០នាក់ ពិធីនេះប្រព្រឹត្តទៅនៅសាលាបឋមសិក្សាពូត្រុំ ស្ថិតនៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃពុធ ១កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។

អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា ការប្រារព្វទិវាកុមារអន្តរជាតិ និងទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ និងទិវាភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារ ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេស ការពារកុមារពីការរំលោភបំពាន ពលកម្មកុមារគ្រប់ទម្រង់ ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា ប្រកដដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។ ឯកឧត្តម បានណែនាំដល់មន្ទីរស្ថាប័នក្រោមឳវាទ អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេស ចាត់វិធានការការការពារកុមារអំពើហិង្សាគ្រប់រូបភាព ត្រូវបន្តលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ ត្រូវយកចិត្តទុកដាក់ ជម្រុញកុមារដែលមិនបានរៀនសូត្រ ឫបោះបង់ការសិក្សាឱ្យមានឳកាសទទួលបានការអប់រំរៀនសូត្រគ្រប់រូបភាព។ ជាងនេះទៅទៀត ឯកឧត្តម បានអំពាវនាវដល់ក្មួយៗសិស្សានុសិស្សដែលជាសសរទ្រង់ទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងរួមសាមគ្គីគ្នាឱ្យបានរឹងមាំ តស៊ូ ដើម្បីសិទ្ធិសេរីភាព និងសន្តិភាពទូទាំងប្រទេស ហើយប្រឆាំងដាច់ខាត់នូវរាល់អំពើឧក្រិដ្ឋកម្មឃោរឃៅ និងការរំលោភបំពានគ្រប់រូបភាពផងដែរ។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តមណ្ឌលគិរី លោក ខឹម ចាន់ផល បានបញ្ជាក់ថា ការប្រារព្វខួប ១មិថុនា ២០១៨ ទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា គឺដើម្បីឱ្យកុមារទទួលបាននូវសិទ្ធិកុមារភាពមួយប្រកបដោយសុភមង្គល ហើយនឹងប្រើប្រាស់នូវសិទ្ធិសេរីភាពទាំងឡាយ ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍អនុសញ្ញាអន្តរជាតិស្តីពី សិទ្ធិកុមារ និងដើម្បីជាគុណប្រយោជន៍សម្រាប់សង្គម ព្រមទាំងឱ្យមាតាបិតា បុរស ស្រ្តី ដែលជាបុគ្គលគ្រប់ៗរូប និងអង្គការស្មគ្រ័ចិត្ត អាជ្ញាធរមូលដ្ឋាន ទទួលស្គាល់នូវសិទ្ធិកុមារទាំងនេះ ធ្វើការគោរពសិទ្ធិកុមារគ្រប់ៗគ្នា។

នាឪកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល សហគមន៍ចំនួន២៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀល និងក្មួយៗសិស្សានុសិស្ស២១៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥ពាន់រៀល ប៊ិច សៀវភៅ ព្រមទាំងសម្ភារៈកីឡាផងដែរ៕