ឯកឧត្តម អ៉ិត សំហេង៖ នៅកម្ពុជាបច្ចុប្បន្នមានការងារ ១០ប្រភេទ ដែលថៅកែពិបាករកកម្លាំងពលកម្ម


(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ( National TVET Day) លើកទី១ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា លទ្ធផលពីការអង្កេតនិយោជកស្តីពីកង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារ ឆ្នាំ២០១៧នេះ បានផ្តល់ព័ត៌មានថា នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន មានវិស័យសំខាន់ៗចំនួន១០ប្រភេទ ដែលនិយោជកពិបាកក្នុងការជ្រើសរើសកម្លាំងពលកម្ម។

ទិវាជាតិ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
នេះ ត្រូវបានធ្វើឡើងជាលើកដំបូងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៨ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ ក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយពីសារសំខាន់នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាបច្ចុប្បន្ន, ២. ផ្សព្វផ្សាយណែនាំមុខជំនាញបច្ចេកទេស និងព័ត៌មានអាហារូបករណ៍ដែលគ្រឹះស្ថានកំពុងធ្វើការបណ្តុះបណ្តាល, ៣. តាំងបង្ហាញពីស្នាដៃសិស្ស និស្សិត និងក្រុមហ៊ុនឯកជន, ៤. ជំរុញការផ្លាស់ប្តូរផ្នត់គំនិតមហាជន និងសិស្សានុសិស្សឲ្យងាកមកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ និង៥. បង្កើតទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល ផ្នែកឯកជន និងអង្គការជាតិ អន្តរជាតិជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងមួយឆ្នាំៗកម្ពុជាមានកំណើនប្រជាពលរដ្ឋគ្រប់អាយុចូលធ្វើការប្រមាណ ៣សែននាក់ ប៉ុន្តែអ្នកស្វែងរកការងារធ្វើមួយចំនួនជួបការលំបាក ឬមិនអាចរកការងារធ្វើបាន ឬធ្វើការងារដែលមិនត្រូវនឹងជំនាញ ឬមិនពេញចិត្ត។ រីឯនិយោជកវិញ ក៏ជួបប្រទះការរាំងស្ទះមិនអាចអនុវត្តតាមផែនការផលិតកម្ម ការពង្រីកអាជីវកម្ម ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ឬផលិតភាពទាបជាដើម។

ឯកឧត្តម អ៉ិត សំហេង បានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលពីអង្កេតនិយោជកស្តីពីកង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារ ឆ្នាំ២០១៧នេះ បានផ្តល់ព័ត៌មានដ៏មានប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបានដឹងថា នៅក្នុងវិស័យសំខាន់ៗទាំង១០ នៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និយោជកកំពុងប្រឈមការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្ម ដើម្បីបំពេញតាមតម្រូវការរបស់ខ្លួន ដែលជាអាទិ៍រួមមាន៖ ១.វិស័យសណ្ឋាគារ និងការស្នាក់នៅ, ២.ឡូជីស្ទីក និងការដឹកជញ្ជូន, ៣.សុខាភិបាល, ៤.អប់រំ និងបណ្តុះបណ្តាល, ៥.កែច្នៃម្ហូបអាហារ និងភេសជ្ជៈ, ៦.ហិរញ្ញវត្ថុ និងធានារ៉ាប់រង, ៧.ព័ត៌មានវិទ្យា, ៨.សំណង់, ៩.វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និង១០.ផលិតកម្មកៅស៊ូ និងផ្លាស្ទីក។

លទ្ធផលអង្កេតបានបង្ហាញថា កត្តាចម្បងដែលនាំឱ្យនិយោជកជួបប្រទះការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្ម គឺបណ្តាលមកពី៖ បេក្ខជនគ្មានជំនាញបច្ចេកទេសតាមតម្រូវការ, មានការប្រកួតប្រជែងខ្លាំងក្នុងចំណោមនិយោជកក្នុងការជ្រើសរើស, កង្វះបទពិសោធន៍ការងារ, និងបេក្ខជនដាក់ពាក្យស្វែងរកការងារមានចំនួនតិច។ ជំនាញសំខាន់ៗដែលអ្នកស្វែងរកការងារមានការខ្វះខាត រួមមាន៖ ជំនាញភាសាបរទេស, ជំនាញបច្ចេកទេស, ការបម្រើសេវាអតិថិជន, ការនិយាយស្តី, ការបំពេញការងារជាក្រុម, ការដោះស្រាយបញ្ហា និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ លទ្ធផលនេះ បានបង្ហាញឱ្យឃើញថា ភាពមិនស៊ីគ្នានៃជំនាញនៅក្នុងទីផ្សារការងារកម្ពុជាបច្ចុប្បន្ន បណ្តាលមកពីកង្វះជំនាញរបស់អ្នកស្វែងរកការងារ និងទីផ្សារការងារពុំទាន់ដំណើរការប្រកបដោយប្រសិទ្ធភាព។

លើសពីនេះ លទ្ធផលអង្កេតក៏បានបង្ហាញឱ្យឃើញថា កម្មករនិយោជិតដែលកំពុងបំពេញការងារបច្ចុប្បន្នក៏ជួបប្រទះនូវគម្លាតជំនាញដែរ ពោលគឺមិនមានជំនាញគ្រប់គ្រាន់ សម្រាប់បំពេញតាមតម្រូវការការងារ នៃមុខតំណែងការងារដែលខ្លួនកំពុងធ្វើ។ ក្នុងចំណោមបញ្ហាដែលនាំឱ្យកើតមានឡើងនូវគម្លាតជំនាញនេះ គឺដោយសារកម្មករនិយោជិត ទើបតែចូលកាន់មុខតំណែងការងារ និងការបណ្តុះបណ្តាលមិនត្រូវបានបញ្ចប់ពេញលេញ។

បើតាម ឯកឧត្តម អ៉ិត សំហេង ទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨ បានបង្ហាញអំពីការវិវត្តរបស់ទីផ្សារការងារនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើឱកាសការងារតាមប្រភេទនៃមុខរបរ រួមមាន៖ វិស្វករឧស្សាហកម្មនិងផលិតកម្ម, វិស្វករទូរគមនាគមន៍, អ្នកឯកទេសផ្នែកវិទ្យុសាស្រ្ត និងថតកាំរស្មីអ៊ិច, អ្នកបកប្រែអត្ថបទនិងអ្នកបកប្រែផ្ទាល់មាត់, អ្នកបច្ចេកទេសផ្នែកសេវាគាំទ្រព័ត៌មានវិទ្យា, វិស្វករគីមី, អ្នកបញ្ជាម៉ាស៊ីនចំហ៊ុយទឹក, ជាងធ្វើកញ្ចក់, ជាងដំឡើងបំពង់ទុយោរ និងបំពង់បង្ហូរ និងអ្នកតម្លើងម៉ាស៊ីនយានយន្ត។ ជារួម ឱកាសការងារល្អភាគច្រើនទាមទារឱ្យមានជំនាញមធ្យម និងខ្ពស់ ពិសេសអ្នកទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតសញ្ញាបត្របច្ចេកទេស និងវិស្វករ។
ឯកឧត្តមបានបន្ថែមថា ក្នុងរយៈពេល១អាណតិ្តចុងក្រោយនេះ ក្រសួងការងារបានខិតខំធ្វើការកែទម្រង់ស៊ីជម្រៅ លើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីចូលរួមការគាំទ្រក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងតំបន់ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបាននដាក់ឲ្យអនុវត្តនូវនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដែលផ្តោតអាទិភាពលើការពង្រឹងគុណភាព ការបង្កើនលទ្ធភាពទទួលបានការបណ្តុះបណ្តាល ប្រកបដោយសមធម៌ ការលើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការលើកកម្ពស់អភិបាលកិច្ច ក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលគោនយោបាយជាតិនេះ មានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត៕