កម្ពុជា ស្នើឱ្យសហគមន៍អឺរ៉ុប បន្ថែមជំនួយ និងពង្រីកទីផ្សារនាំចូលផលិតផលខ្មែរ


fn-2016-07-28-12-52-32-0

(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយតំណាង សហគមន៍អឺរ៉ុប នៅរដ្ឋសភា នាព្រឹកមិញនេះ ប្រធានគណៈកម្មការទី២ ឯកឧត្តម ជាម យៀប បានស្នើឱ្យសហគមន៍អឺរ៉ុប បន្ថែមជំនួយមកប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋ ក៏បានស្នើឱ្យសហគមន៍អឺរ៉ុប ពង្រីកទីផ្សារនាំចូលផលិតផលកម្ពុជាបន្ថែមទៀត ក្រៅពីសម្លៀកបំពាក់ និងស្បែកជើង ។

សំណើរបស់ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានធ្វើឡើងនៅក្នុងជំនួបប្រមាណ ២ម៉ោង ជាមួយនឹង លោក Javier  Casdillo តំណាងសហគមន៍អឺរ៉ុប នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីពិភាក្សាអំពីបញ្ហាជំនួយ ។

ឯកឧត្តម ជាម យៀប បានស្នើឱ្យ លោក Javier Casdillo ជំរុញដល់សហគមន៍អឺរ៉ុប ឱ្យបង្កើនការនាំចូលអង្ករពីប្រទេសកម្ពុជា បន្ថែមលើផលិតផលសម្លៀកបំពាក់ ដែលទទួលបានការអនុគ្រោះពន្ធ ។ លោកថា «សំណូមពររបស់ខ្ញុំ ទៅតំណាងតំណាងសហគមន៍អឺរ៉ុប ដែលបានមកនេះ ត្រូវធ្វើយ៉ាងណារាយការណ៍ ទៅដល់សហគមន៍អឺរ៉ុបវិញ សុំឱ្យពង្រឹង និងពង្រីកទីផ្សារសហគមន៍អឺរ៉ុប ដើម្បីនាំចូលដូចជាអង្កររបស់កម្ពុជា ដែលយើងទទួលបានលេខ១ ខាងអង្ករហ្នឹង នៅទីក្រុងសៀងហៃ និងទីក្រុងហុងកុង»

ឯកឧត្តមបានបន្ថែមទៀតថា «សុំឱ្យបើកទីផ្សារទូលាយបន្ថែមទៀត នូវការបញ្ចេញនូវសម្លៀកបំពាក់ និងស្បែកជើង ដែលបណ្តារោងចក្រ សហគ្រាសនៅកម្ពុជា កំពុងតែបំពេញការងាររបស់ខ្លួន ឱ្យកាន់តែច្រើនថែមទៀត ហើយសូមឱ្យសហគមន៍អឺរ៉ុប បន្តផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជាកាន់តែច្រើនថែមទៀត»
បើតាម ឯកឧត្តម ជាម យៀប, បន្ទាប់ពីបញ្ចប់ជំនួបនោះរួច លោក Javier Casdillo បានសន្យានាំយកសំណើរបស់កម្ពុជា ទៅប្រាប់ដល់សហគមន៍អឺរ៉ុបនាពេលខាងមុខនេះ ។

សូមបញ្ជាក់ថា នៅក្នុងជំនួបខាងលើ សហគមន៍អឺរ៉ុប បានដាក់សំណួរ៣ ដល់គណៈកម្មការទី២ រដ្ឋសភា ក្នុងនោះពួកគេចង់ដឹងអំពីរចនាសម្ព័ន្ធគណៈកម្មការនេះ ថវិការជាតិក្នុងឆ្នាំនីមួយៗ រួមទាំងវិធានការរបស់គណៈកម្មការនេះ បន្ទាប់ពីទទួលរបាយការណ៍សវនកម្មរបស់រដ្ឋសភា ផងដែរ ៕