ការពង្រីកចាក់ថ្នាំបង្ការដល់កុមារ តែត្រូវចូលរួមពីប្រជាពលរដ្ឋ


Injection 29 07 16 2 copy

     រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា គេកំពុងពង្រីកកម្មវិធីចាក់ថ្នាំបង្ការដល់កុមារដូចជាជម្ងឺរលាកស្រោមខួរក្បាល ជម្ងឺកញ្រ្ជិល តេតាណុស ។ល។ ប៉ុន្តែដើម្បីលុបបំបាត់ជម្ងឺទាំងនោះបានលោកថា ទាល់តែមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា ។

     ឯកឧត្តម ម៉ម ប៊ុនហេង បញ្ជាក់ថា ដើម្បីអាចលុបបំបាត់ជម្ងឺទាំងនេះបាន លុះត្រាដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស យកកូនមកចាក់ថ្នាំបង្ការឲ្យបានលើសពី ៨០% ។ ប្រសាសន៍រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ កន្លែងក្មេងលេងនៅមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២៨ ខែកក្កដានេះ ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា នាពេលខាងមុខ គេនឹងអាចលុបបំបាត់បាននូវជម្ងឺរលាកស្រោមខួរក្បាលរបស់កុមារកម្ពុជា ហើយគេកំពុងពង្រីកកម្មវិធី ចាក់ថ្នាំបង្ការដល់កុមារ ។

     ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កុមារត្រូវចាក់ថ្នាំបង្ការតាមកម្មវិធី ហើយមាតា ឬអាណាព្យាបាលត្រូវតែចូលរួមចាក់ និងយកកូនទៅចាក់ឲ្យបានច្រើនលើសពី ៨០% ទើបអាចកំចាត់បានដូចជា ជម្ងឺកញ្ជិល ជម្ងឺរលាកស្រោមខួរក្បាល ជម្ងឺតេតាណុស….។ ឯកឧត្តមបានបន្តថា ប្រជាពលរដ្ឋត្រូវតែនាំកូនទៅចាក់ថ្នាំ នៅតាមសហគមន៍ ស្រុកភូមិឃុំ ទាំងអស់នៅទូទាំងប្រទេស ។ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យលើកឡើងថា គេកំពុងជួបការលំបាកក្នុងការចាក់ថ្នាំបង្ការដល់កុមារឲ្យបានគ្រប់តាមកម្មវិធី ដោយសារតែប្រជាពលរដ្ឋបានធ្វើការផ្លាស់ទី ឬចំណាក់ស្រុក ។

Injection 29 07 16 3 copy

Injection 29 07 16 4 copy