យុវជន៤០០នាក់ បានប្រកាសទទួលស្គាល់ ជាសកម្មជន យុវជន គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត


កំពង់ចាម ៖ ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារ យុវជនថ្នាក់កណ្តាល និង ជាប្រធានក្រុមការងារ យុវជនគណបក្សប្រជាជន ខេត្តកំពង់ចាម-ត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីប្រកាសទទួលស្គាល់ សកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ចំនួន៤០០នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦។
តាមរបាយការណ៍របស់ លោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុកបាធាយ និងជាប្រធាន គណបក្សស្រុក បានឲ្យដឹងថា ក្រុមការងារយុវជន ភូមិ-ឃុំ ទូទាំងស្រុកបាធាយ ដែលត្រូវប្រកាសនាពេលនេះ មានចំនួន៤០០នាក់ ដើម្បីអនុវត្តតួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងការក្តាប់ជាប់កម្មវិធី នយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចចិត្តនានា របស់គណបក្ស ដើម្បីបញ្ជ្រាបទៅក្នុងស្រទាប់យុវជន ព្រមទាំង ការកសាងផែនការ សកម្មភាព និងរបបប្រជុំ ក្នុងការជំរុញ និងសកម្មភាពការងារសង្គម ផ្សេងៗ ប្រកបដោយគុណភាព។ ទន្ទឹមនេះ គណបក្សស្រុកបាននិងកំពុង ប្រគល់សេចក្តីទុកចិត្ត និងបន្ថែមតួនាទីដឹកនាំ អង្គភាពមួយចំនួន ដល់យុវជនគណបក្ស ដែលមានស្នាដៃ បទពិសោធន៍ការងារ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្តនិរន្តរភាព របស់គណបក្ស។
នៅក្នុងពិធីនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងអបអរសាទរបងប្អូន ដែលជ្រើសរើស គណបក្សប្រជាជនកម្ពុជា ជាជម្រើសរបស់បងប្អូន នេះគឺជា សង្គមប្រជាធិបតេយ្យ យុវជនមានជម្រើស គឺមិនមានអ្នកណាទៅបង្ខំ បងប្អូន ទេ។ ដូច្នេះ ការដែលយុវជនចូលរួម ជាមួយ គណបក្សប្រជាជន គឺជាការជ្រើសរើស ដោយខ្លួនឯង ការស្រឡាញ់ និងឆន្ទៈចូលរួម ជាសកម្មជនគណបក្ស។ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ជាកិត្តិយសរបស់យុវជន ដែលបានចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ជាគណបក្សធំជាងគេ ចាស់ទុំជាងគេ មានស្នាដៃច្រើនជាងគេ។
លើសពីនេះ យុវជនមានឱកាសជួយដល់បក្ស ដឹកនាំប្រទេស ជួយដល់សង្គម និងខ្លួនឯង។ យើងជួយឲ្យបក្សឈ្នះ បក្សមានលទ្ធភាពដឹកនាំ រដ្ឋាភិបាល និងអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន ដើម្បីបានផលប្រយោជន៍ សម្រាប់យើងទាំងអស់គ្នា និងបង្កលក្ខណៈឲ្យយុវជន ទាំងអស់ មានឱកាសមិនគិតថា យុវជនគណបក្សណាទេ គឺបានផលប្រយោជន៍ ពីការរីកចម្រើននេះ។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា យុវជនជំនាន់មុន ដែលបច្ចុប្បន្ន ជាថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំស្ថាប័នផ្សេងៗ មានភាពក្លាហាន និងពោរពេញដោយក្តីសង្ឃឹម ដែលបានតស៊ូរំដោះជាតិ នៅក្នុងដំណាក់កាល ដ៏លំបាកបំផុត ក្នុងរបបប៉ុលពត បានធ្វើឲ្យយើងរស់រានមានជីវិត ឡើងវិញ និងកសាងប្រទេស ឲ្យរីកចម្រើន តាំងពីបាតដៃទទេ។ នេះហើយគឺជាអ្វី ដែលយុវជនមានមោទនភាព ដែលយុវជនជំនាន់មុន បានផ្តល់ឱកាសដល់យើង សព្វថ្ងៃនេះ។ ដូច្នេះ ភារកិច្ចរបស់យុវជន ក្រោយគឺត្រូវធ្វើយ៉ាងណា ថែរក្សាឲ្យបាន នូវសមិទ្ធផលទាំងឡាយ ដែលជាស្នាដៃយុវជនជំនាន់មុន បានបន្សល់ទុក ជាពិសេស សុខសន្តិភាព និងការអភិវឌ្ឍជាតិ និងបន្តចូលរួមកសាងសមិទ្ធផល បន្ថែមទៀត សម្រាប់ជាតិរបស់យើង ទៅថ្ងៃអនាគត៕
HUN MANET 6-8-2016 (5)
HUN MANET 6-8-2016 (8)

HUN MANET 6-8-2016 (1)

HUN MANET 6-8-2016 (2)

HUN MANET 6-8-2016 (4)

HUN MANET 6-8-2016 (3)

HUN MANET 6-8-2016 (8)