ក្រសួងសុខាភិបាល ប្រតិកម្មអត្ថបទកាសែត រិះគន់សុខាភិបាល


Critisize 09 08 16 2 copy

     ក្រសួងសុខាភិបាលបានធ្វើលិខិតចំហរជាសាធារណៈមួយ បង្ហាញតបពីស្នាដៃ និងសមិទ្ធផលរបស់វិស័យសុខាភិបាល ដែលជាការឆ្លើយតបនឹងអត្ថបទរបស់និស្សិតម្នាក់ ដែលរិះគន់ពីវិស័យសុខាភិបាល របស់រាជរដ្ឋាភិបាល ។

     អត្ថបទរិះគន់លើវិស័យសុខាភិបាលនោះ បានចុះផ្សាយតាមកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៨ ខែសីហានេះ និងសរសេរដោយនិស្សិតម្នាក់ ឈ្មោះ ស៊ិន សុផារិទ្ធ ដែលជានិស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ ។ អត្ថបទរិះគន់ដែលមានចំណងជើងថា ក្រសួងខ្លះភ្ញាក់រឭក ខណៈសុខាភិបាលសម្ងំដេក បានសរសេររិះគន់ពីសមត្ថភាពព្យាបាល… អាកប្បកិរិយាគ្រូពេទ្យចំពោះអ្នកជម្ងឺ… ការចោទប្រកាន់គ្រូពេទ្យដែលមិនបំពេញកាតព្វកិច្ច និងចោទថា គ្រាដែលក្រសួងនានាកំពុងធ្វើការកែទម្រង់នោះ ក្រសួងសុខាភិបាលមិនបានចូលរួមក្នុងការកែទម្រង់នោះឡើយ ។ អត្ថបទ រិះគន់នេះ ទោះជាយ៉ាងណាក៏ដោយ មិនបានបង្ហាញពីភស្តុតាង ឬសូចនាករជាក់លាក់ណាមួយ ទាក់ទងនឹងការចោទប្រកាន់ទេ ។

     ក្រោយអត្ថបទរិះគន់នេះ បានចុះផ្សាយច្រើនម៉ោង ក្រសួងសុខាភិបាលបានធ្វើលិខិតចំហរ មួយចំនួន ៥ទំព័រ ដោយបំភ្លឺតបទៅវិញជាមួយនឹងសូចនាករ បង្ហាញនូវសមិទ្ធផលចម្បងៗ និងគោលនយោបាយ អភិវឌ្ឍន៍វិស័យសុខាភិបាល របស់រាជរដ្ឋាភិបាល ។ អត្ថបទបំភ្លឺ បានលើកបង្ហាញតបមកវិញនូវកត្តា ៥ចំណុច បញ្ជាក់ពីសមិទ្ធផលមិនអាចប្រកែកបាន ជាមួយនឹងសូចនាករជាក់ស្តែង… កត្តាដែលកំពុងប្រឈម និងកិច្ចការសម្រេចរបស់វិស័យសុខាភិបាល មុនគោលដៅអភិវឌ្ឍន៍សហវត្ស… វិធានការចាំបាច់ក្នុងការអនុវត្តគោលនយោបាយ… និងចំណុចធ្វើសេចក្តីសន្និដ្ឋានដែលបញ្ជាក់ថា វិស័យសុខភាព និងសុខមាលភាពប្រជាជនកម្ពុជា ត្រូវបានលើកកម្ពស់អោយកាន់តែល្អប្រសើរឡើងជាលំដាប់ ក្នុងអំឡុងពេលមួយទសវត្សចុងក្រោយនេះ ។

     សេចក្តីសន្និដ្ឋានបាននិយាយថា វឌ្ឍនភាពទាំងអស់នេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការខិតខំប្រឹងប្រែងក្នុង វិស័យសុខាភិបាល ក្នុងការលើកកម្ពស់លទ្ធផលសុខភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប អោយកាន់តែល្អប្រសើរឡើង ដែលជាកត្តាចូលរួមក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ។

Critisize 09 08 16 3 copy