កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ ស្ដីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់


ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹក នាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ ស្ដីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ ដែលមាន ការចូលរួមពីដៃគូអភិវឌ្ឍន៍ តំណាងអង្គការJICA និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃការសិក្សាលទ្ធភាពសេដ្ឋកិច្ចនៃគម្រោងAGT និងបច្ចុប្បន្នភាពគម្រោងភស្តុភារកម្ម នៅកម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការប្រើ ប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព កិច្ចសម្របសម្រួល និងការចែករំលែកព័ត៌មាន ដោយមានការ ចូលរួមធ្វើបទបង្ហាញពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្មនិង សិប្បកម្ម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងដៃគូអភិវឌ្ឍន៍។

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការរីកចម្រើនលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ដែលក្នុងនោះ៖ ផ្លូវថ្នល់បាននឹងកំពុងធ្វើឱ្យ ប្រសើរឡើងពីផ្លូវពីរគន្លងទៅបួនគន្លង គម្រោងសាងសង់ផ្លូវល្បឿនលឿនគម្រោងសាងសង់ផ្លូវពីបាត់ដំបង ទៅកោះកុងដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ និងគម្រោងសាងសង់ ផ្លូវពីកំពង់ឆ្នាំងទៅខេត្តកំពង់ធំជាដើម។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពី៖ ការតភ្ជាប់ផ្លូវដែកភ្នំពេញទៅខេត្ត ព្រះសីហនុ ពីភ្នំពេញទៅប៉ោយប៉ែត និងគ្រោងតភ្ជាប់ជាមួយផ្លូវដែករបស់ព្រះរាជាណាចក្រថៃនាពេល ខាងមុខ ការដាក់ឱ្យដំណើរការបណ្តោះអាសន្ននាវាដឹកអ្នកដំណើរពីព្រែកព្នៅទៅក្រុងតាខ្មៅ គម្រោង ដឹកជញ្ជូនតាមផ្លូវទឹកភ្នំពេញទៅខេត្តក្រចេះ និងពីភ្នំពេញទៅខេត្តសៀមរាប ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ និងការពង្រីកអាកាសយានដ្ឋានសម្រាប់ការដឹកជញ្ជូនផ្លូវអាកាស។

បន្ថែមពីលើការអភវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ សេវាសាធារណៈទាក់ ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូនត្រូវបានកែទម្រង់យ៉ាងមានប្រសិទ្ធភាព ដោយផ្អែកលើ អនុសាសន៍ដ៏ថ្លៃថ្លាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា៖ ធ្វើឱ្យលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

ឆ្លើយតបទៅនឹងកំណែទម្រង់ស៊ីជម្រៅនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំផងដែរថា៖ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងបានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្ដល់សេវាបណ្ណបើកបរនៅផ្សារ ទំនើបអ៊ីអនទីមួយ និងទីពីរ ដើម្បីបង្ខិតសេវាឱ្យកៀកទៅនឹងប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ បច្ចេកទេសចម្រុះ ដៃគូអភិវឌ្ឍន៍ និងមន្រ្តីរាជការទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បី ចូលរួមក្នុងកិច្ចប្រជុំនេះ។