លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជា អធិបតី ផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ឆរៈ​មហាសន្និបាតមន្រ្តីសង្ឃ​ទូទាំងប្រទេស លើកទី ២៦ នៅខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​ម​ន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជា អធិបតី ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈ​មហាសន្និបាតមន្រ្តីសង្ឃ​ទូទាំងប្រទេស លើកទី ២៦ ប្រគេន-ជូនដល់មន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ដ ក្នុងខេត្តស្វាយរៀង រសៀលថ្ងៃពុធ ១៥កើត ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា រយៈពេលកន្លងមកគណៈសង្ឃ នាយកទាំងពីរគណៈនៃព្រះ​រាជា​ណាចក្រកម្ពុជា បានបង្កលទ្ធភាពគ្រប់បែប​យ៉ាង ធ្វើ​ឲ្យ​វិស័យព្រះពុទ្ធសាសនាកាន់តែមានជំនឿ​ជឿជាក់ពីប្រជាពលរដ្ឋពីមួយថ្ងៃទៅ មួយថ្ងៃ និងបាន​រួម​ចំណែក អភិវឌ្ឍន៍សង្គមទំាងខាងផ្នត់គំនិត គឺការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ ដល់​ប្រជាពលរដ្ឋ ព្រមទាំងចូលរួម ចំណែ​ក​កសាង​នូវសមិទ្ធផលនានាដូចជា ស្ពាន ផ្លូវថ្នល់ សាលា​រៀន មន្ទីរពេទ្យជាដើម។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានសំណូមពរ គណៈសង្ឃនាយកទាំងពីរគណៈ នៃខេត្តស្វាយរៀង ត្រូវចូលរួមដោះស្រាយនូវបញ្ហាដែលកើតមាន ក្នុងវិស័យ​ព្រះ​ពុទ្ធសា​សនា និងនាំគ្នាដោះស្រាយចំពោះមុខ។ លោកជំទាវក៏បាន បន្ថែមថា ការពង្រឹង​គុណភាព​​លើ​អភិបាលកិច្ច គ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ត្រូវ​ផ្សាភ្ជាប់ និងបច្ចេកវិទ្យា​ទំ​នើប ដើម្បី​ឲ្យ​កិច្ច​ការ​ពុទ្ធសាសនា មានសណ្តាប់ធ្នាប់ល្អ ធានាបាននូវ​សាមគ្គីភាពក្នុងជួរពុទ្ធ​សាសនិកជន ជា​ប្រកា​រ​សំខាន់​បំផុត។ “ពុទ្ធសាសនិក​ជន ​ទាំងអស់ ​មេត្តាចូលរួម​បំពេញកុសល​ទាំង​ឡាយ ដើម្បីជា​គុណ​ប្រយោជន៍​ ដល់ការ​ថែរក្សា​ ការ​ពារ​សេចក្តីសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹម លើក​ស្ទួយ កា​រកសាងជាតិ ឆ្ពោះទៅ​រក​សេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយ​តរៀងទៅ” ៕