សំណូមពរ ទាំង១៦ចំណុច របស់បណ្ដាអង្គការ សង្គមស៊ីវិល ត្រូវបានសម្ដេចតេជោ ដោះស្រាយ


ភ្នំពេញ ៖ សំណូមពរទាំង១៦ចំណុច របស់ក្រុមអង្គការសង្គមស៊ីវិល ចំនួន១៩អង្គការ ដែលបានស្នើសុំ ឲ្យមានការ ពន្លឿនដំណើរការក្នុងការទាមទារ ទទួលស្គាល់សហគមន៍ព្រៃឈើ, សហគមន៍នេសាទ, សហគមន៍តំបន់ការពារធម្មជាតិ, សហគមន៍តំបន់អេកូទេសចរណ៍ និងការចុះបញ្ជីដី កម្មសិទ្ធិ សមូហភាព សហគមន៍ជនជាតិដើមភាគតិច រួមជាមួយនឹងការផ្ដល់ ធនធានមនុស្ស បច្ចេកទេស សម្ភារៈ និងកញ្ចប់ ថវិកាជាតិដល់សហគមន៍ ទាំងនោះ ដើម្បីឲ្យពួកគាត់មានលទ្ធភាពក្នុងការគ្រប់គ្រងការពារ និងប្រើប្រាស់ ធនធានធម្មជាតិប្រកបដោយ និរន្តរភាពនៅក្នុងតំបន់របស់ ពួកគាត់ជាដើមនោះត្រូវ បានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោះស្រាយឲ្យបានតាមសំណូមពរស្ទើរតែទាំងអស់ ។
សម្ដេចតេជោ បានថ្លែងក្នុងឱកាស អញ្ជើញចូលរួមវេទិកាស្តីពីការការពារ និងអភិរក្សធនធាន ធម្មជាតិ នាទីស្ដីការគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៦នេះថា”ខ្ញុំគិតថា ១៦សំណួរ ដែល បានលើកឡើងនេះសឹងតែគ្រប់ទេ? ១៦សំណួរហ្នឹងសឹងតែគ្រប់ហើយ ! ដាក់មកអំបាញ់មិញហ្នឹង !ប៉ុន្មាន? ១៦ សំណួរហ្នឹង ! តាំងពីបោះបង្គោលតាំងពីទប់ស្កាត់បទល្មើស តាំងពីស្អីឯណាផ្ទេរមុខងារ ! លោក វណ្ណារ៉ាដូចជាគ្របដណ្ដប់គ្រប់ ហើយឬនៅ? ខ្ញុំគិតថាខ្ញុំមិនចាំបាច់ឆ្លើយមួយម្ដងៗទេ ព្រោះវា ហាក់ដូចជាបានគ្របដណ្ដប់ឲ្យទៅធំលើសពីអ្វីដែលលោកគិតទៅទៀត !ខ្ញុំគិតថាវាមិនចាំបាច់អាច ឆ្លើយម្ដងមួយសំណួរៗទេ”!
ជាងនេះទៅទៀតសម្ដេចតេជោ បានប្រកាសថានឹងបើកឲ្យមានវេទិកា ស្តីពីការការពារ និងអភិរក្ស ធនធានធម្មជាតិ១ឆ្នាំម្ដងព្រមទាំងបាន បញ្ជាឲ្យក្រសួងចំនួន៦ក្នុងនោះរួមមានក្រសួង បរិស្ថាន ក្រសួង កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្មនិងក្រសួងធនធានទឹក និងឧតុនិយមត្រូវជួបប្រជុំពិភាក្សា ដោះស្រាយ បញ្ហាបរិស្ថាននិងធនធានធម្មជាតិ ជាមួយបណ្ដាអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធរៀងរាល់ ៣ខែម្ដង។
សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា “ខ្ញុំនឹងបើកវេទិកាបរិស្ថានជាមួយសង្គមស៊ីវិល ក្នុងមួយឆ្នាំ ម្តង។ ពិសេសអង្គការទាំង១៩ តាមរយៈ លោកតឹកវណ្ណារ៉ា។ មួយព្រឹកមិនគ្រាន់តែសូម្បី១ថ្ងៃ ក៏មិនគ្រប់ ដែរ។ក្រសួងមួយចំនួនត្រូវពិភាក្សាក្នុងរង្វង់៣ខែម្តង។ ពិភាក្សាអំពីការពាក់ព័ន្ធនៅក្នុងវិស័យរបស់ខ្លួន។ ក្នុងនោះមានក្រសួង៦ពាក់ព័ន្ធ បរិស្ថាន កសិកម្ម រៀបចំដែនដីរ៉ែនិងថាមលឧស្សាហកម្ម និងកសិកម្ម និងក្រសួងធនធានទឹក។ពាក់ព័ន្ធផ្នែកណាត្រូវទៅពិភាក្សាផ្នែកនោះ”។
សម្ដេចតេជោបានថ្លែងបន្ថែមថា” ក្រសួងទាក់ទងទាំង៦ត្រូវបន្តពិនិត្យ លើវិស័យព្រៃឈើ និងជលផល និងវិស័យអ្វីៗក៏ដោយ ត្រូវជួបគ្នា៣ខែម្តង ដើម្បីពិភាក្សាគ្នា។ខ្សាច់ ខ្លះត្រូវបូមចេញ។ ចឹង លោក តឹក វណ្ណារ៉ាយល់ព្រមទេជាមួយការសម្រេចរបស់ខ្ញុំ? លោកតឹក វណ្ណារ៉ា បានយល់ព្រមតាមសំណើរ របស់សម្តេច ឲ្យមានការជួបប្រជុំគ្នា៣ខែម្តង ជាមួយក្រសួងសាមី។ ខ្ញុំផ្តល់សិទ្ធិអំណាចឲ្យបន្ថែមទៀត ដល់ក្រសួងពាក់ព័ន្ធ។អ្វីដែលត្រូវប្រកាន់ យកការពារធនធានធម្មជាតិរបស់យើង គឺក្រសួងស្ថាប័នពាក់ ព័ន្ធទាំងអស់ត្រូវអញ្ជើញមកជួបប្រជុំគ្នារាល់៣ខែម្តង។ ការសម្រេចអំបាញ់មិញនេះមានតម្លៃស្មើនឹង កិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ យន្តការនេះក៏អាចធ្វើនៅថ្នាក់ខេត្តផងដែរ ទើបអាចមានប្រសិទ្ធិភាពហើយ ធ្វើនៅទីស្តីការគណៈរដ្ឋមន្រ្តីនិងក្រសួងនៅភ្នំពេញគឺឆ្ងាយណាស់។ ប៉ុន្តែបើរឿងកើតឡើងនៅធ្វើនៅ តាមមូលដ្ឋានកើតឡើងតែម្តងដូចជាព្រៃកោងកាងជាដើម”។
ម្យ៉ាងវិញទៀតសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលត្រូវកែលើ របៀបធ្វើការងារមិនមែន ក្រុមអង្គការសង្គមស៊ីវិល (NGOs) និងប្រជាពលរដ្ឋទេ ប៉ុន្តែគឺជាមន្រ្តីរាជរដ្ឋាភិបាល។
សម្តេចបានថ្លែងបញ្ជាក់ថា “ការមិនសហការគ្នា ដល់ការរារាំងនោះ អ្នកដែលចំណេញ ជាងគេគឺអ្នកលួច ចាប់ត្រី និងកាប់ចេក ។ អ្នកដែលកែរបៀបរបប ធ្វើការមិនមែនអង្គការសង្គមស៊ី និងពលរដ្ឋទេ គឺភាគី រាជរដ្ឋាភិបាលតែម្តង ត្រូវរួមសហការគ្នា។ ខ្ញុំជាអ្នកទទួល កំហុសខ្លួនឯងតែម្តង។ ប្រជាពលរដ្ឋត្រូវរួមគ្នា រក្សាស្រឡាញ់បរិស្ថាន”។
ជាពិសេសសម្ដេចតេជោក៏ បានថ្លែងសំណូមពរឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវចេះ រួបរួមគ្នា ដើម្បីជួយថែរក្សា បរិស្ថាន និងស្រឡាញ់បរិស្ថានទាំងអស់គ្នា ។
សម្ដេចតេជោបានថ្លែងថា “គោលដៅដូចគ្នាគឺ ត្រូវធ្វើសកម្មភាពដូចគ្នា ។ ការមិនសហការគ្នា ដល់ការ រារាំងនោះ អ្នកដែលចំណេញជាងគេ គឺអ្នកលួចចាប់ត្រី និងកាប់ចេក ។ អ្នកដែលកែរបៀបរបបធ្វើការ មិនមែនអង្គការសង្គមស៊ី និងពលរដ្ឋទេ គឺភាគីរាជរដ្ឋាភិបាលតែម្តង ត្រូវរួមសហការគ្នា។ ខ្ញុំជាអ្នកទទួល កំហុសខ្លួនឯងតែម្តង ។ ប្រជាពលរដ្ឋត្រូវរួមគ្នា រក្សាស្រឡាញ់បរិស្ថាន “។
សូមបញ្ជាក់ថា នេះគឺជាលើកទី១ហើយដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមានវេទិកាស្តីពីការការពារ និងអភិរក្សធនធាន ធម្មជាតិដែលមានការអញ្ជើញចូលរួម ពី អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធបរិស្ថាន និងព្រៃឈើរាប់រយនាក់ចូលរួម៕