ក្រុមការងារយុវជនក្រៅប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីរំឭកខួបលើកទី៦៧ នៅលើទឹកដីអូស្ត្រាលី


(អូស្ត្រាលី)៖ ក្រោមការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនក្រៅប្រទេស, សមាជិកគណបក្សប្រជាជនកម្ពុជា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានរៀបចំពិធីរំឭកខួបលើកទី៦៧ នៃការបង្កើតគណបក្ស ដោយមានសមាជិកបក្សចូលរួមប្រមាណជាង៤០០នាក់។

ពិធីនេះរៀបចំឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨​។

ពិធីរំឭកខួបលើកទី៦៧នេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, លោក គឹម សន្តិភាព ប្រធានក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងលោក ហួរ ហាប់ អនុក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងណូវេលហ្សេឡង់ និង ជាប្រធានតំបន់3ប្រចាំទីក្រុងសីដនី។

គោលបំណងសំខាន់ នៃការរៀបចំពិធីរំឭកខួបលើកទី៦៧ នៅលើទឹកដីប្រទេសអូស្ត្រាលីនាពេលនេះ គឺដើម្បីប្រមូលផ្ដុំសមាជិកគណប្ស និងពង្រឹងចំណងសាមគ្គីភាព ភាតរភាព ជាពិសេស ដើម្បីផ្សព្វផ្សាយគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាន និងកំពុងដឹកនាំប្រទេសកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងការរីកចម្រើនលើគ្រប់វិស័យ។

លោក ហួរ ហាប់ បានជម្រាបជូនសមាជិកបក្ស ឲ្យបានយល់ជ្រួតជ្រាបថែមទៀត អំពីប្រវត្តិតស៊ូ និងស្នាដៃរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដោយនាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍។ នៅក្នុងឱកាសនេះដែរ លោក គឹម សន្តិភាព បានផ្តាំផ្ញើនូវសេចក្តីនឹករឭក និងសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនក្រៅប្រទេស។

ចំណែក លោក កុយ គួង បានក្រើនរំឭកដល់សមាជិកបក្ស សូមអញ្ជើញកៀងគរសាច់ញាតិ និងសមាជិកដទៃទៀត ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយបោះឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងនាំមកនូវការរីកចម្រើនថែមទៀត នៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ មកទល់នឹងពេលបច្ចុប្បន្ននេះ សច្ចភាពរបស់គណបក្សប្រជាជនកម្ពុជា គឺនិយាយពិត ធ្វើពិត ដែលផ្ទុយស្រឡះពីខ្មោចគណបក្សមួយចំនួន តែងតែអួតខ្លួនថា ជាអ្នកស្នេហាជាតិ ស្រលាញ់ប្រជាជន និងអនុវត្តតាមប្រជាធិបតេយ្យ ប៉ុន្តែផ្ទុយទៅវិញ ពួកគេព្យាយាមបង្កចលាចលក្នុងសង្គម ដោយបំផ្លិចបំផ្លាញប្រជាធិបតេយ្យពិតប្រាកដ នៅក្នុងប្រទេសកម្ពុជា។

ជារួមគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែរួមសុខ រួមទុក្ខជាមួយប្រជាពរដ្ឋនៅគ្រប់កាល:ទេស: និងចេញមុខដោះស្រាយរាល់បញ្ហា របស់ប្រជាពរដ្ឋគ្រប់ទីកន្លែង និងព្យាយាមថែរក្សាតម្លៃសន្តិភាព ស្ថេរភាព មិនឲ្យកម្ពុជា វិលទៅរកអតីតកាលដ៏ខ្មៅងងឹត នៃរបបកម្ពុជាប្រជាធិបតេយ្យឡើយ ដែលមាន ប៉ុល ពត ជាស្ថានិកវាលពិឃាតនៅកម្ពុជា។

គួររំឭកផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលមាន២០គណបក្សនយោបាយ ចូលរួមប្រកួតប្រជែង៕