សមាជិក គណបក្សប្រជាជនកម្ពុជា នៅប្រទេសអូស្ត្រាលី រៀបចំពិធីអបអរសាទរខួបបក្ស លើកទី៦៧


(អូស្ត្រាលី)៖ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅប្រទេសអូស្ត្រាលីជាច្រើនរយនាក់ នាថ្មីៗនេះ បានប្រារព្ធពិធីអបអរសាទរដល់ខួបលើកទី៦៧ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាទីក្រុងមួយចំនួន នៅក្នុងប្រទេសអូស្រ្តាលី។

កម្មវិធីអបអរសាទរខួបកំណើតបក្សទី៦៧នេះ ត្រូវបានរៀបចំឡើងដោយ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី ណូវ៉ែលហ្សេឡង់ សហការជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការសាខាបក្ស និងក្រុមការងារយុវជនបក្ស នៅតាមទីក្រុងចំនួន៣ រួមមាន៖ Sydney ធ្វើនៅថ្ងៃទី២៨ ខែមិថុនា, Brisbane ធ្វើនៅថ្ងៃទី២៩ ខែមិថុនា និងនៅ Adelaide ធ្វើនៅថ្ងៃទី០១ ខែកក្កដា ដោយមានការចូលរួមដឹកនាំដោយ លោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែ់លហ្សេឡង់ លោក ហួរ ហាប់ ប្រធានក្រុមការងារតំបន់៣ លោក ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមការងារតំបន់៤ និងលោក អិុន មាត្រា ប្រធានក្រុមការងារតំបន់៦ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាគណបក្សជាច្រើនរយនាក់។

ក្នុងឱកាសនោះ សមាជិក សមាជិការគណបក្សប្រជាជន នៅប្រទេសអូស្ត្រាលីទាំងអស់ បានអំពាវនាវឱ្យបងប្អូនក្រុមគ្រួសារដែលកំពុងរស់នៅប្រទេសកម្ពុជា ចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជន លំដាប់លេខរៀងទី២០ ឱ្យបានគ្រប់ៗគ្នា៕