ឯកឧត្តម ផៃ ស៊ីផាន ៖ ការបញ្ចេញមតិ លើបញ្ហាព្រំដែន របស់ CNRP មិនមែនជួយ ដោះស្រាយ តែកេងចំណេញ នយោបាយ


ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា  ការបញ្ចេញយោបល់ លើបញ្ហាព្រំដែនរបស់គណបក្សសង្រ្គោះជាតិ (CNRP) មិនមែនធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួម ជួយដោះស្រាយបញ្ហាជាមួយរាជរដ្ឋាភិបាលទេ ប៉ុន្តែដើម្បីកេងចំណេញផ្នែកនយោបាយ ប៉ុណ្ណោះ។
ការថ្លែងរបស់ ឯកឧត្តម ផៃ ស៊ីផានបែបនេះ នៅពេលដែលោក គីម សួរភីរិទ្ធ មន្រ្តីគណបក្សសង្រ្គោះជាតិ បានថ្លែងថា ពេលគណបក្សសង្រ្គោះជាតិ បញ្ចេញយោបល់ផ្សេងៗលើកិច្ចការងារព្រំដែន គឺមានតែការ ចាប់ដាក់ពន្ធនាគារទេ។
ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលស្វាគមន៍ជានិច្ចរាល់ការលើកឡើងទាក់ទង នឹងការពារបូរណភាពទឹកពីសាធារណៈមតិ នានា។
ឯកឧត្តម បានលើកឡើងថា “កន្លងមក សម រង្ស៊ីភូតភរប្រជាពលរដ្ឋថា ខ្លួនមានផែនទីផ្ទៀងផ្ទាត់ព្រំដែនកម្ពុជា-វៀតណាម ប៉ុន្តែរហូតមកទល់ពេលនេះ គឺខ្វះផែនទី២ផ្ទាំងទៀត ដែលមិនបានរកហើយផ្ញើមកឲ្យ។ ដូច្នេះបក្សប្រឆាំងយកបញ្ហព្រំដែន ជាបញ្ហានយោបាយជៀស ជាងយកបញ្ហព្រំដែនជាការដោះស្រាយ។ ដូច្នេះជាការខ្មាស់អៀនមួយនូវអ្វី ដែលគណបក្សសង្រ្គោះជាតិហ្នឹងបានធ្វើ”៕