សាលាដំបូងជូនដំណឹងការគ្រោងជំនុំជំរះ លោក កឹម សុខា


     សាលាដំបូងរាជធានីភ្នំពេញ បានធ្វើលិខិតមួយជូនដំណឹងថា គេគ្រោងនឹងធ្វើសវនាការតុលាការកាត់ក្តីចំពោះរឿង លោក កឹម សុខា ដែលរងការចោទពីបទ «បដិសេធក្នុងការចូលខ្លួន» ។

     លិខិតជូនដំណឹងការគ្រោងធ្វើសវនាការនេះ មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទ្ធពិតប្រាកដឡើយ ប៉ុន្តែត្រូវគេឃើញថា ជាការជូនដំណឹងទុកជាមុន គ្រាដែល លោក កឹម សុខា បានបន្តការឃុំខ្លួនឯងក្នុងទីស្នាក់ការកណ្តាលគណបក្ស ដោយសារការភ័យ ខ្លាចការចាប់ខ្លួនពីតុលាការ ។ ការជូនដំណឹងនេះត្រូវ បានគេយកទៅបិទនៅមុខផ្ទះ លោក កឹម សុខា នៅអាស័យដ្ឋានផ្ទះក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែសីហានេះ ។

     ការជូនដំណឹងឱ្យដឹងពីការគ្រោងសវនាការតុលាការ នាពេលខាងមុខនេះ បានធ្វើឡើងបន្ទាប់ពីចៅក្រម ស៊ើបសួរ បានសម្រេចបិទការស៊ើបសួរលើសំណុំរឿងព្រហ្មទណ្ឌ របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នា ពេលកន្លងមកនេះ ។ លោក កឹម សុខា ដែលរងការចោទអំពើក្បត់អំពើសីលធម៌ និងតម្លៃគ្រួសារ គឺជាបុគ្គលសំខាន់ ក្នុងសំណុំរឿងសញ្ចារកម្ម ទាក់ទងនឹងរឿង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ

     លោក កឹម សុខា ត្រូវគេឃើញបាន ព្យាយាមដោះខ្លួនមិនទទួលខុសត្រូវ ចេញពីការជាប់ពាក់ព័ន្ធរឿងអាស្រូវទាំងនោះ ដោយប្រកែកមិនសហការជាមួយ នឹងសមត្ថកិច្ចតុលាការឡើយ ។ លោក កឹម សុខា បានរងការចោទពីបទបដិសេធក្នុងការចូលខ្លួន បន្ទាប់ពីស្ថាប័នអយ្យការ បានកោះហៅចំនួន ២ដង ក្នុងឋានៈជាសាក្សីដើម្បីចូលមកបំភ្លឺ ប៉ុន្តែ លោក កឹម សុខា បានបដិសេធរហូត ។

khem Sokha1