កម្ពុជាស្នើអង់គ្លេសបន្តជួយបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ


Brak Sokon 25 08 16 2

     រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើរដ្ឋាភិបាលអង់គ្លេស បន្តជួយកម្ពុជា លើសកម្មភាពដោះមីន ។ សេចក្តីស្នើនេះ បានធ្វើកាលពីម្សិលមិញ គ្រាដែលរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានអនុញ្ញាតឱ្យឯកអគ្គរាជទូតអង់គ្លេស ឯកឧត្តម William Jesse Longhurst ចូលជួបសម្តែងការគួរសម ។

     សូមជំរាបថា សង្គ្រាមស៊ីវិលនៅកម្ពុជា បានបន្សល់ទុកនូវគ្រាប់មីនច្រើនលានគ្រាប់… ហើយបាននឹងកំពុងគំរាមជីវិតប្រជាពលរដ្ឋខ្មែរ រហូតមកទល់នឹងពេលនេះទៀត បើទោះបីជាកម្ពុជាអស់សង្គ្រាមស៊ីវិលទាំងស្រុងកាលពីចុងឆ្នាំ១៩៩៨ ក៏ដោយ ។

     សេចក្តីរាយការណ៍បង្ហាញថា រវាងពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៥ ជនរងគ្រោះដោយសារគ្រាប់មីន មានចំនួនប្រមាណ ៨៥០នាក់ ក្នុង ១ឆ្នាំ… ប៉ុន្តែក្នុងរយៈពេលចុងក្រោយ ៣ឆ្នាំមកនេះ តួលេខនៃអ្នករងគ្រោះ មានចំនួនតែ១០០នាក់ ទេក្នុង ១ឆ្នាំ ដោយសារតែកិច្ចប្រឹងប្រែងនៃក្រុមអ្នកដោះមីន ដែលទទួលជំនួយពីអន្តរជាតិ ។

     ក្នុងការជួបសំណេះសំណាលនោះផងដែរ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានលើកឡើងអំពីការបង្កើតមជ្ឈមណ្ឌល សកម្មភាពមីនតំបន់អាស៊ាន ដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ ។ ឯកឧត្តម ប្រាក់ សុខុន បានស្នើចក្រភពអង់គ្លេស ផ្តល់ជំនួយខាងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសដល់មជ្ឈមណ្ឌលនេះ ។

     សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន កាលពីខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ មនុស្សចំនួន ១៩នាក់ បានស្លាប់ដោយសារគ្រាប់មីន… និងមានអ្នករងរបួសមានសរុប ២៥នាក់ ផងដែរ ក្នុងនោះមនុស្ស ១០នាក់ បានក្លាយជាជនពិការ ។