ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងថា ការដែលសមាជិកសភា គណបក្សសង្រ្គោះជាតិ (CNRP) ចេញសេចក្ដីថ្លែងការណ៍ សម្ដែងការមិនពេញចិត្ត ចំពោះតំណាងអយ្យការ និងចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដែលបានធ្វើការចោទប្រកាន់ ស្ថាពរ និងបញ្ជូនសំណុំរឿង ឯកឧត្តម កឹម សុខា ប្រធានស្ដីទី CNRP និងជាអ្នកតំណាងរាស្រ្ត ទៅជំនុំជម្រះ ដោយមិនមាន ការលើកអភ័យឯកសិទ្ធិសភា ជាមុនគឺគ្រាន់តែជាការបញ្ចេញមតិ តែប៉ុណ្ណោះ ចង់មិនចង់ តុលាការធ្វើទៅតាមនីតិវិធីច្បាប់។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា” គ្រាន់តែជាមតិគាត់ទេ ! តុលាការគេធ្វើតាមនីតិវិធី របស់គេ គាត់ត្រូវតែអនុវត្តតាមនីតិវិធី របស់តុលាការ ហើយមិនអាចគេចរួចទេ ព្រោះគាត់ជាកម្មវត្ថុ នៃជនជាប់ចោទ ដែលមានពាក់ព័ន្ធនឹងហើយ ចឹងគាត់គេចទៅណារួច? ចង់មិនចង់ ទោះគាត់និយាយអ្វីក៏ដោយ វាត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ហើយ”។