រឿងជួលដីឲ្យវៀតណាម៖ គណបក្សសង្គ្រោះជាតិ ប្រឌិតរឿងកេងចំណេញនយោបាយ


ភ្នំពេញ:  អភិបាលខេត្តស្វាយរៀង បានបដិសេធ និងច្រានចោល ចំពោះការចោទប្រកាន់ របស់ក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ថានៅឃុំទួលស្តី និងឃុំចន្ទ្រា ស្រុកចន្ទ្រា និងនៅសង្កាត់ប្រាសាទ ក្រុងបាវិត នៅមានការជួលដី ឲ្យប្រជាពលរដ្ឋវៀតណាម ធ្វើស្រែ។ ដោយអភិបាលខេត្តស្វាយរៀង បានហៅការចោទប្រកាន់នេះ គឺមិនមែនជាការពិត និងដើម្បីកេងចំណេញនយោបាយ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកបានបញ្ជា អភិបាលរងខេត្ត ចុះទៅពិនិត្យជាបន្ទាន់ នៅតាមទីតាំងដែលគណបក្សសង្គ្រោះជាតិ បានលើកឡើងចំពោះ ចំណុចនៅសង្កាត់ប្រាសាទ ក្រុងបាវិត ចំនួន ៤០ ហិកតា គឺជាដីរបស់ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ហើយឆ្នាំនេះ គាត់បានធ្វើស្រែ។ ហើយរឿងទំនាស់ គឺមកពីខាងសមាជិកគណបក្ស ដែលធ្លាប់តែយកគោ ក្របី ឲ្យទៅស៊ីស្មៅ នៅលើដីនោះ ហើយឥឡូវ ម្ចាស់ដីគេធ្វើស្រែ លែងមានស្មៅឲ្យគោ ក្របី ស៊ី ក៏ខឹងប្តឹងថា ជួលដីឲ្យវៀតណាម។ ចំណែកនៅឃុំចន្ទ្រា នៅឆ្នាំ២០១៥ គឺមានជួលមែន ២៥០ ហិកតា ហើយនៅពេលរាជរដ្ឋាភិបាល ប្រកាសឲ្យឈប់ជួលដី គឺនៅឆ្នាំ២០១៦នេះ គ្មានការជួលទៀតទេ។ ហើយមានប្រជាពលរដ្ឋខ្មែរ ៣ គ្រួសារ ធ្វើស្រែ ១០ ហិកតា ដែលជាដីដែលធ្លាប់ជួលឲ្យវៀតណាម ហើយដី ២៥០ ហិកតានោះ គឺស្មៅត្រឹមៗ ជង្គង់ អត់មានជួលទេ ចេះតែចោទប្រកាន់គ្មានការពិត។ ហើយនៅថ្ងៃស្អែក (២៦សីហា) ក្រុមការងារបន្តចុះទៅពិនិត្យមើល នៅចំណុចឃុំទួលស្តី និងឃុំចន្ទ្រា បន្តទៀត ដើម្បីពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ដើម្បីឲ្យបានដឹងច្បាស់ជាក់ស្តែង។
អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា “ពីរចំណុច ដែលគាត់លើកឡើង គឺពុំមានទេ អត់មានជួលសោះ ហើយអ្វីដែលគាត់និយាយអីចឹង គឺអត់ស្រួលទេ និយាយមិនច្បាស់ការណ៍ មិនពិតប្រាកដ ក្នុងនាមអាជ្ញាធរដែនដី គណៈអភិបាលទាំងអស់ បានធ្វើការប្រជុំ ដោយមិនសប្បាយចិត្តចំពោះការនិយាយបំផ្លើសអីចឹង”។