សម្តេច ហ៊ុន សែន សម្រេចដំឡើងកម្រិតបឋមសិក្សា «មរតកតេជោសែន» ជាអនុវិទ្យាល័យ និងឧបត្ថម្ភអគារសិក្សាមួយចំនួន


HS 26 08 16 2 copy

(ព្រះវិហារ)៖ នៅថ្ងៃទី២៦ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងសាលាបឋមសិក្សា មរតកតេជោសែន ស្ថិតក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការចុះជួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានទទួលនូវការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ សម្តេចតេជោ បានសម្រេចផ្តល់អគារសិក្សា១ខ្នង មាន១២បន្ទប់ និងសាងសង់ទីចាត់ការ ១ខ្នងមាន៣បន្ទប់ ចាក់ដីនៅក្នុងទីធ្លាសាលា និងចាក់ផ្លូវបេតុងចូលក្នុងសាលា ធ្វើក្លោងទ្វារថ្មី និងរបងព័ទ្ធជុំវិញសាលាផងដែរ។

លើសពីនេះ សម្តេចតេជោ បានសម្រេចឲ្យដំឡើងកម្រិត សាលាបឋមសិក្សា មរតកតេជោសែន នេះពីបឋមសិក្សា ទៅអនុវិទ្យាល័យ ដើម្បីបំពេញសេចក្តីត្រូវការរបស់កូនៗ កងទ័ពដែលកំពុងឈរជើងនៅតំបន់នោះ។

បន្ទាប់ពីបញ្ចប់ការសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពសាលាបឋមសិក្សា មរតកតេជោសែន រួចមកសម្តេចបានបន្តដំណើរចុះជួបសំណេះសំណាលជាមួយ កម្លាំងប្រដាប់អាវុធនៅកងពល៣ ខេត្តព្រះវិហារ៕

HS 26 08 16 3 copy  HS 26 08 16 4 copy