ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើកម្លាំងប្រដាប់អាវុធ និងប្រជាការពារ រួមគ្នាការពារសុវត្ថិភាពជូនប្រជាជនស្រុកព្រៃឈរ នៅថ្ងៃបោះឆ្នោត


(កំពង់ចាម)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ បានស្នើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពង្រឹងកិច្ចសហការជាមួយប្រជាការពារ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

«សូមបងប្អូនកម្លាំងប្រដាប់អាវុធ ប្រជាការពារទាំងអស់ ពិសេសមន្ត្រីនគរបាលជាតិកម្ពុជា និងកងរាជអាវុធហត្ថសហការគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពឲ្យបានល្អប្រសើរ ជូនប្រជាជនក្នុងស្រុកព្រៃឈរ ជាពិសេសក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦ ខាងមុខនេះ។»

សំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសចូលរួមពិធីសំណេះសំណាល ជាមួយកម្លាំងប្រដាប់អាវុធ ប្រជាការពារ និងមន្ត្រីរាជការទូទាំងស្រុកព្រៃឈរចំនួនជាង ៤,០០០នាក់ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក និងឃុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិ ជាច្រើនរូប។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារទាំងអស់ ដែលកន្លងមក បានខិតខំតស៊ូលះបង់កម្លាំងកាយចិត្ត និងបូជាអាយុជីវិត ដើម្បីបុព្វហេតុការពារសុខសន្តិភាព និងសុវត្ថិភាពនៅគ្រប់មូលដ្ឋាន ព្រមទាំងបានអំពាវនាវដល់ប្រជាពលដ្ឋទាំងអស់ ប្រើប្រាស់សន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ក្នុងការជ្រើសរើសតំណាងរាស្ត្រដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាព។

«សន្លឹកឆ្នោតរបស់បងប្អូនពិតជាមានសារៈសំខាន់ណាស់សម្រាប់អនាគតប្រទេសជាតិ! ដូច្នេះសូមបងប្អូនគិតឲ្យច្បាស់ថា អ្នកណាជាអ្នកជួយបងប្អូនពិតប្រាកដ? អ្នកណាជាអ្នកអភិវឌ្ឍន៍ប្រទេស? អ្នកណាអ្នកធ្វើឲ្យប្រទេសមានសន្តិភាព និងជាអ្នកថែរក្សាសុខសន្តិភាព?

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធី អំពីគុណតម្លៃសន្តិភាព ដែលសម្រេចបានតាមរយៈយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងស្នាដៃ និងសមិទ្ធផលសំខាន់ៗ ដែលកើតចេញពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញអំពីសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ដែលបានប្រឹងប្រែងអភិវឌ្ឍន៍ឃុំ/ភូមិទាំង ១៥ ក្នុងស្រុកព្រៃឈរ រហូតទទួលបានសមិទ្ធផលទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រយ៉ាងច្រើនគួរជាទីមោទនៈ។

សូមបញ្ជាក់ដែរថា នៅក្នុងសង្គមប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូចជាប្រទេសកម្ពុជា ការបោះឆ្នោតថ្នាក់ជាតិ គឺជាព្រឹត្តិការណ៍សំខាន់ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចចូលរួមជ្រើសរើសគណបក្សនយោបាយ ដែលខ្លួនពេញចិត្តតាមរយៈសន្លឹកឆ្នោត ដើម្បីដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន។ បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចត្រៀមកងកម្លាំងប្រដាប់អាវុធ ចំនួនជាង៨ម៉ឺននាក់ ដើម្បីការពារសន្តិសុខ និងថែរក្សាសុវត្ថិភាពជូនម្ចាស់ឆ្នោតទាំងអស់ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ កម្លាំងទាំងអស់ នឹងត្រូវដាក់ពង្រាយនៅតាមការិយាល័យបោះឆ្នោត និងតាមតំបន់ផ្សេងៗ ដោយក្នុងនោះមួយការិយាល័យបោះឆ្នោត អាចកម្លាំងការពារយ៉ាងតិចបីនាក់៕