រសៀលថ្ងៃព្រហស្បតិ៍ ទី០៨ រោជ ខែបឋមាសាធ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៨ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង អជ្ញាធរខេត្ត ដឹកនាំដោយឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យជាក់ស្តែងដល់ទីតាំងស្ថានីយ៍បូមទឹកឆៅ រោងចក្រផលិតទឹកស្អាត និងអាងប្រព្រឹត្តិកម្ម ព្រមទាំងពិនិត្យ ទីតាំងបំពង់នាំទឹកឆៅ ពីស្ថានីយ៍ទឹកឈូ ទៅរោងចក្រផលិតទឹក ដែលជាជំនួយហិរញប្បទានឥតសំណងរបស់រាជ រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ។
សូមបញ្ជាក់ថា៖ដោយសារតម្រូវការទឹកមានការកើនឡើងឥតឈប់ឈរ ក្រសួង អង្គភាពរដ្ឋាករទឹក និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានខិតខំទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ដើម្បីស្នើសុំជំនួយឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត ។ ជាលទ្ធផលអង្គភាព រដ្ឋាករទឹកខេត្តកំពតកំពុងអនុវត្តប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលជាជំនួយហិរញ្ញប្បទានឥតសំណាងរបស់ រាជរដ្ឋាភិបាលជប៉ុន ដោយអនុវត្តការកសាងបានចំនួន៩៨% ហើយ ។ ក្នុងនោះ មានការសាងសង់ស្ថានីយ៍បូមទឹកឆៅ នៅទឹកឈូ មានសមត្ថភាពផលិតបាន ៨.២៥០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ បំពង់នាំទឹកឆៅពីស្ថានីយ៍ទឹកឈូ ទៅរោងចក្រផលិតទឹកមានប្រវែង ៥.៣ គីឡូម៉ែត្រ សាងសង់រោងចក្រផលិតទឹកស្អាតមួយកន្លែងនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ មានសមត្ថភាពផ្គត់ផ្គង់បាន ៧.៥០០ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ ព្រមទាំងពង្រីកបណ្តាញចែកចាយប្រវែង៨៨.៩ គ.ម ដែលអាចផ្គត់ផ្គង់ក្នុងក្រុងកំពតទាំងមូល និងមួយផ្នែកនៃស្រុកទឹកឈូ ដែលមាន០៦ ឃុំ ។ បច្ចុប្បន្នប្រជាពលរដ្ឋទទួលសេវាផ្គត់ផ្គង់ទឹកស្អាតបាន ៦.៧៤៧ គ្រួសារ ស្មើនឹង៥៣ % ហើយរំពឹងថាដល់៩២% នៅឆ្នាំ២០២២ និង១០០% នៅឆ្នាំ ២០៣០ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោង និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន និងអង្គការ JICA ដែល បានដើរតួយ៉ាងសំខាន់ក្នុងវិស័យទឹកស្អាតនៅកម្ពុជា ហើយគម្រោងនេះយើងនឹងត្រៀមសម្ពោធនៅឆ្នាំ ២០១៨ នេះហើយ ។