ឯកឧត្តម សុខ ឥសាន បានសរសេរក្នុងបណ្ដាញសង្គម ថា “ករណីឃាដកម្មលើលោកបណ្ឌិត កែម ឡី ត្រូវបានតុលាការកម្ពុជា ធ្វើការស៊ើបអង្កេត និងបានជំនុំជំរះកាត់សេចក្តីរួចហើយ


ភ្នំពេញ៖ក្រោយពីគណៈកម្មាធិការអ្នកច្បាប់ អន្តរជាតិស្នើឲ្យបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេត ករណីឃាតកម្មលើ លោកបណ្ឌិត កែម ឡី អ្នកវិភាគ សង្គមដែលត្រូវបាន ឃាតកបាញ់សម្លាប់កាលពី២ឆ្នាំមុននោះ ត្រូវបានឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រតិកម្មតបវិញថា សំណើនេះគឺជា ការជ្រៀតជ្រែករំលោភលើឯករាជ្យភាព និងសមត្ថកិច្ចនៃតុលាការកម្ពុជា ព្រោះតុលាការកម្ពុជា បានធ្វើការស៊ើបអង្កេត និងជំនុំជំរះរួចរាល់អស់ ហើយដោយកាត់ទោសឈ្មោះ ជួប សម្លាប់ ហៅ អឿត អាង ដាក់ពន្ធនាគារ មួយជីវិត។

ឯកឧត្តម សុខ ឥសាន បានសរសេរក្នុងបណ្ដាញទំនាក់ទំនង សង្គមតេឡេក្រាម នៅថ្ងៃទី៩កក្កដានេះថា “ករណីឃាដកម្មលើលោកបណ្ឌិត កែម ឡី ត្រូវបានតុលាការកម្ពុជា ធ្វើការស៊ើបអង្កេត និងបានជំនុំជំរះកាត់សេចក្តីរួចហើយ ដោយបានដាក់ទោសឈ្មោះ ជួប សម្លាប់ ហៅ អឿត អាង ដាក់ពន្ធនាគារមួយជីវិតថ្មីៗនេះ របស់ដែលហៅថាគណៈកម្មាធិការអ្នកច្បាប់អន្តរជាតិ បានទាមទារឲ្យមានការ ស៊ើបអង្កេតឡើងវិញ និងដោយក្រុមអ្នកឯករាជ្យ  ។តើស៊ើបអង្កេតស្អីទៀត បើរឿងនឹះត្រូវបាន កាត់សេចក្តីរួចហើយ”។

ឯកឧត្តមបានសរសេរបញ្ជាក់ថា “តើក្រុមឯករាជ្យ យកពីណាមកដើម្បីបានឯករាជ្យនោះ? ការទាមទាររបស់ដែលហៅថាគណៈកម្មាធិការ អ្នកច្បាប់អន្តរជាតិនេះគឺជាការជ្រៀតជ្រែក និងរំលោភលើឯករាជ្យភាព និងសមត្ថកិច្ចនៃតុលាការកម្ពុជា  ដែលមិនអាចទទួលយក បានឡើយ ហើយក៏គ្មានប្រសិទ្ធភាពអ្វីដែរ”។

សូមរំលឹកថា លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវសង្គម ត្រូវបានឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងស្ដារម៉ាតកាល់តិច ជិតស្ដុបបូកគោ រាជធានីភ្នំពេញ ៕