ឯកឧត្តម គឹម សន្តិភាព៖ ការដកអភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ហើយព្រឹទ្ធសភាបើកច្រកឱ្យតុលាការបន្តនីតិវិធី


(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកថាការបោះឆ្នោតដកអភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៉ី នៅព្រឹកមិញនេះ គឺស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ហើយព្រឹទ្ធសភា បានបើកច្រកឱ្យតុលាការបន្តនីតិវិធីទៀត។
នៅលើបណ្តាញសង្គម Facebook ឯកឧត្តម គឹម សន្តិភាព បានចែកចាយនូវសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា ជុំវិញការលើកអភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី។ ឯកឧត្តម គឹម សន្តិភាព បានសរសេរថា «នេះជាលទ្ធផល នៃការអនុវត្តន៍ច្បាប់ដែលស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធិសភា និងជាការបើកច្រកអោយស្ថាប័នតុលាការ អនុវត្តនីតិវិធី របស់ខ្លួនជាបន្តទៀត ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា!»។