ឯកឧត្តម ងួន រតនៈ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ នៅភូមិអូខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង


ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ដែលមានប្រវែង ២,២០០ ម៉ែត្រ ស្ថិតនៅភូមិអូខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

ព្រឹកថ្ងៃអង្គារ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ដែលមានប្រវែង ២,២០០ ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍ និងថវិការបស់ខេត្ត ដែលស្ថិតនៅភូមិអូខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

ដោយសារតែផ្លូវក្នុងភូមិធ្លាប់តែមានសភាពលំបាក ក្នុងការធ្វើដំណើរ និងដឹក កសិផល យកទៅលក់នៅទីផ្សារ ឬទីកន្លែងផ្សេងៗ ដែលត្រូវចំណាយពេលយូរ ប្រជាពលរដ្ឋរស់នៅភូមិ អូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ បានសម្ដែងនូវភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែល រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែនេះនៅក្នុងភូមិឃុំរបស់ពួកគាត់ ហើយថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ ។

ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ក៏បានពាវនាវដល់ ប្រជាពលរដ្ឋ នៅក្នុងភូមិអូរខ្ជាយ ពេលបានជាផ្លូវក្រាលកៅស៊ូស្អាតហើយ សូមនាំគ្នាជួយថែរក្សា កុំឲ្យមានការកាប់គាស់ ឬជីក ឲ្យវាមានក្រឡុក ដែលនាំឲ្យខូចផ្លូវ ពិបាកធ្វើដំណើរ និងនាំឲ្យមានគ្រោះថ្នាក់សម្រាប់អ្នកធ្វើដំណើរទៀតផង ៕