សំរាម​ជាង ១៥០​ឡាន​ត្រូវ​កាយ​ចេញ​ពី​ប្រឡាយ​បឹង​ត្របែក


គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៨ សំរាម​នៅ​ក្នុង​ប្រឡាយ​បឹងត្របែក ទើប​តែ​​ត្រូវ​កាយ​ចេញ​បាន​ជាង ៥០​ភាគរយ ដោយ​មាន​សំរាម​ចំនួន ១៥៤​ឡាន ត្រូវ​បាន​ដឹក​ចេញ។ នេះ​បើ​តាម​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជ​ធានី​ភ្នំពេញ។

មន្ទីរ​សាធារណការ ប្រកាស​ថា នៅ​ប្រឡាយ​បឹង​ត្របែក ពិសេស​នៅ​ក្រោយ​ស្ថានីយ​បូម​ទឹក​បឹងត្របែក ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​យក​សំរាម​ទៅ​បោះចោល​រហូត​មើល​មិន​ឃើញ​ទឹក ក្នុង​ប្រឡាយ។ ចាប់​តាំង​ពី​ខែ​មិថុនា មន្ត្រី​ជំនាញ បាន​ដាក់​គ្រឿង​ចក្រ​កាយ និង​ប្រមូល​សំរាម នៅ​ប្រឡាយ​បឹងត្របែក ដើម្បី​កុំ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​រំដោះ​ទឹក ចេញ​ពី​ទីក្រុង។ សំរាម​ក្នុង​ប្រឡាយ​ទាំង​នោះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ចរន្ត​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ​នោះ​ទេ តែ​ក៏​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន អនាម័យ និង​បង្ក​ភាព​គ្មាន​សោភ័ណភាព សម្រាប់​រាជធានី​ភ្នំពេញ​ទៀត​ផង៕