សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្រុងដូនកែវប្តេជ្ញាយ៉ាងក្លៀវក្លា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំថែរក្សាសន្តិភាព និងការអភិវឌ្ឍ


សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្រុងដូនកែវប្តេជ្ញាយ៉ាងក្លៀវក្លាមុះមុត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើនជឿនលឿនទៅមុខ។ ការប្តេជ្ញានេះធ្វើឡើងនៅក្នុងពិធីជួប សំណេះសំណាល ក្រុមការងារយុវជន និង សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងក្រុងដូនកែវ នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃច័ន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សុខ ខាវ៉ាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងដូនកកែវ ឯកឧត្តម អ៊ិត សារុន សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានមន្ទីរគណបក្សខេត្ត ឯកឧត្តម សុខ សូកេន ប្រធានក្រុមការងារ យុវជន គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជន សរុបចំនួន៦៥០នាក់ ដែលរៀបចំឡើងដោយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ដអាណត្ដិទី៦ និងបង្កើនការយល់ដឹងឲ្យបានច្បាស់អំពីតួនាទី ភារកិច្ច និងការត្រៀមខ្លួនរបស់ក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្ស ឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជារ និងនីតិវិធីនៃការបោះឆ្នោត។

ឯកឧត្តម សុខ សូកេន មានប្រសាសន៍ថា សន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ មិនមែនកើតឡើងដោយចៃដន្យទេ គឺកើតចេញពីការបូជា លះបង់របស់យុវជនយើងជំនាន់មុន និងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ប្រកបដោយផែនការច្បាស់លាស់ និងទស្សនៈវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។ ឯកឧត្តមបន្តថា ពាក្យថាសន្តិភាពគឺសាមញ្ញទេ ប៉ុន្តែវាមានអត្ថន័យស៊ីជម្រៅណាស់ ហើយទម្រាំទទួលបានសន្តិភាពនេះគឺមានការលំបាកខ្លាំងណាស់។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយការអភិវឌ្ឍនសង្គមប្រៀបបានដូចជាការថែរក្សាក្ងានទេវតាដែលមានពងមាស ដែលស្ថិតលើទំនុកចិត្តខ្ពស់ និងពេលវេលាសមរម្យដើម្បីជម្រុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យប្រៀបដូចជាពងមាសរបស់ក្ងានដូច្នេះដែ ហើយវាបានបង្កើតឱកាសសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតការងារ បង្កើនប្រាក់ចំណូល ជូនប្រជាជនកម្ពុជា ជាពិសេសយុវជន និងពង្រឹងសេដ្ឋកិច្ចក្រុមគ្រួសារកាន់តែរីកចំរើន និងបានបង្កើតឱកាសសម្រាប់រាជរដ្ឋាភិបាល ដើម្បីធ្វើសមាហរណកម្មចូលក្នុងសហគមន៍អន្តរជាតិ និងទទួលបានការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់បណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។ ជាក់ស្ដែងកម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសមហាអំណាចវប្បធម៌មួយ តាមរយៈសម្បត្តិវប្បធម៌ដ៏សំបូរបែប ទាំងរូបីយ៍ និងអរូបីយ៍ ហើយត្រូវបានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ជាពិសេស ប្រាសាទអង្គរវត្ដ ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក មិនតែប៉ុណ្ណោះកម្ពុជាបានទទួលការគាំទ្រយ៉ាងមុតមាំ ក្នុងការបំពេញភារកិច្ចជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១២ ក្រោមការខិតខំប្រឹងប្រែងរបស់ សម្ដេចវិបុលបញ្ញា សុខ អាន ដែលសម្ដេចបានលះបង់ទាំងកម្លាំងកាយចិត្ដ និងកម្លាំប្រាជ្ញា ដើម្បីឲ្យកម្ពុជាមានកេរ្ដិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិលើវិស័យការទូតវប្បធម៌ និងមានប្រទេសជាច្រើនបានរៀនសូត្រពីកម្ពុជា។ ក្នុងកម្មវិធីនេះដែរ ឯកឧត្តម ប្រធានក្រុមការងារយុវជន បានចាក់បញ្ចាំងវីដេអូស្ដីពីការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងគោលបំណងជំរុញយុវជនឲ្យបានស្វែងយល់ច្បាស់ពីការឆ្លងកាត់កិច្ចការដ៏លំបាកជាច្រើន រួមទាំងភាពឆ្លៀសវៃប្រកបដោយបញ្ញាញាណ និងយុទ្ធសាស្រ្ដស៊ីជម្រៅរបស់ សម្ដេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទទួលបានជោគជ័យក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានលើកតម្កើនឧត្ដមភាពរបស់កម្ពុជាក្នុងវិស័យវប្បធម៌លើឆាកអន្តរជាតិ។ឯកឧត្ដម បានបន្តថា ក្នុងនាមជាយុវជនរបស់គណបក្ស យើងត្រូវចូលរួមការពារ ថែរក្សានូវសមិទ្ធផលនានារបស់គណបក្ស ហើយដើម្បីថែរក្សាសមិទ្ធផលទាំងនេះ យុវជនត្រូវមានទំនុកចិត្ដខ្ពស់ ចូលរួមសហការជាមួយក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ឱ្យការងាររបស់បក្សទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងគាំទ្រលើការដឹកនាំរបស់គណបក្ស តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្ដិទី៦ នេះ។

ឯកឧត្តមប្រធានក្រុមការងារយុវជន បានថ្លែងអំណរគុណសមាជិកគណបក្ស និងសកម្មជនយុវជន ដែលបានចូលរួម និងលះបង់ខ្ពស់ដើម្បីបុព្វគណបក្ស និងជាតិមាតុភូមិ និងបានជម្រុញដល់សកម្មជនយុវជនទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីក្លាយជាអ្នកបន្តវេនចូលរួមដឹកនាំគណបក្ស និងប្រទេសជាតិឱ្យកាន់តែរុងរឿង។

ឯកឧត្តម សុខ ខាវ៉ាន់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងដូនកែវ បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តម សុខ សូកេន ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងក្រុមការងារយុវជនទាំងអស់ ក្នុងការចូលរួមចំណែក និង សហការយ៉ាងស្អិតរមួតជាមួយគណបក្សគ្រប់លំដាប់ថ្នាក់ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

ឯកឧត្តម គូសបញ្ជាក់ថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសយើង ជីវភាពប្រជាជនយើង មានការរីកចម្រើនកាន់តែលឿនទៅ គឺដោយសាររាជរដ្ឋាភិបាល ដឹកនាំដោយគណប្សប្រជាជនកម្ពុជា បានធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងទាក់ទាញវិនិយោគិន ព្រមទាំងបានជម្រុញវិនិយោគមកជិតបងប្អូនដើម្បបង្កើតការងារនៅមូលដ្ឋាន។ នេះជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ហើយយុវជនត្រូវពន្យល់ឱ្យប្រជាពលរដ្ឋយល់ពីផ្លែផ្កាទាំងនេះ ហើយត្រូវរួមគ្នាថែរក្សាឱ្យបានល្អដើម្បីឱ្យវាកាន់តែរីកធំធាត់។

ឯកឧត្តម បានលើកទឹកចិត្តដល់យុវជនបក្សត្រូវមានមោទនភាពចំពោះខ្លួនឯង ចំពោះគណបក្ស ការធ្វើការជូនបក្សមិនខុសពីធ្វើការជូនខ្លួនឯងនោះទេ ព្រោះយើងបានចូលរួមនាំមកនូវការអភិវឌ្ឍ និងការពារសន្តិភាពទូទាំងប្រទេស ហើយគោលនយោបាយរបស់បក្សក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍដែលយើងទាំងអស់គ្នាបានឃើញនៅពេលនេះ និងបន្តអភិវឌ្ឍន៍បន្ថែមទៀតនៅពេលអនាគត។