ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន​ បន្តជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកាចំនួនជា១៦០០០នាក់នៅស្រុកមង្គលបុរីនិងអំពាវនាវឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​រូបសញ្ញាទេវតាបាចផ្កា​ លំដាប់លេខរៀងទី២០


បន្ទាយមានជ័យ ៖ នៅថ្ងៃពុធ៦កើតខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨​ ខែកក្កដា ឆ្នាំ២០១៨ ​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត​ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ​ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងមូលដ្ឋាន អញ្ជើញបន្តជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកា​ មកពី​ឃុំបន្ទាយនាង​ បត់ត្រង់​ ចំណោម​ គោកបល្លង្គ័​ គយម៉ែង​ ភ្នំតូច​ អូរប្រាសាទ​ រហាត់ទឹក​ ឬស្សីក្រោក​ សំបួរ​ តាឡំ​ សឿ​ និងឃុំស្រះរាំង​ ស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យដែលមានអ្នកចូលរួមជិត១៦០០០នាក់ ។

ក្នុងឱកាសនោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ប្រធានគណបក្ស​ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា​ ប្រធានកិត្តិយសគណបក្ស​។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្ថែមថា​ :​ គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែនបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការពារថែរក្សាសុខសន្តិភាព​រួមរស់រួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់កាល:ទេស:ដោយបាន​ធ្វើដំណើរយ៉ាងស្វាហាប់អភិវឌ្ឍន៍ប្រទេសជាតិមិនឈប់ឈរដោយបានប្រែក្លាយកម្ពុជាពីវាលពិឃាតសមុទ្រឈាមទឹកភ្នែកមកជាកម្ពុជាអច្ឆរិយៈស្មើមុខស្មើមាត់ជាមួយអន្តរជាតិកៀគរបានការទុកចិត្តពីវិនិយោគទុនបរទេសមកបណ្តាក់ទុនរកស៊ីបង្កើតឱកាសការងារជូនយុវជន កូនក្មួយជាកម្មករ​ ប្រជាពលរដ្ឋបង្កើនចំណូលសម្រាប់គ្រួសារកាត់បន្ថយបានភាពក្រីក្រ​ឈានទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ជាមួយគ្នានេះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណនិងដឹងគុណដល់សមាជិក​ សមាជិកា​ទាំងអស់នៃគ្រូសារអ្នកមង្គលបុរីដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាព​ជាមួយគណបក្សប្រជាជនកម្ពុជានិងបោះឆ្នោតគាំទ្រគណបក្សប្រជាជនដែលដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន​ គ្រប់ៗអាណត្តិកន្លងមក​ ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀតនៅថ្ងៃទី២៩​ ខែកកក្កដា​ ឆ្នាំ២០១៨​ រូបសញ្ញាទេវតាបាចផ្កា​ នៅលំដាប់លេខរៀងទី២០​ ស្រួលចាំ​ ស្រួលគិត ស្រួលគូស​ ដើម្បីសម្តេចតេជោហ៊ុន​ សែន​ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា​ “​ មានផ្លូវគមនាគមន៍ស្អាត​ និងអគ្គិសនីប្រើប្រាស់គ្រប់ភូមិ​មានតំលៃថោក​ ។