ឯកឧត្តម ថង សាវុន និងតំណាងប្រធានគណ:ចលនាសាសនិក ឥស្លាមកម្ពុជា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាមកម្ពុជាប្រចាំខេត្តរតនគិរី


រសៀលថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ គណៈចលនាសាសនិកឥស្លាមកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ណុះ ស្លេស សមាជិកអចិន្ត្រៃយ៍នៃគណៈចលនាឥស្លាមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧកញ៉ា អូស្មាន់ ហាសាន់ ប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាមកម្ពុជាប្រចាំខេត្តរតនគិរី ដែលសុទ្ធសឹងជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងពិធីនោះដែរក៏មានវត្តមានជាអធិបតី ឯកឧត្តម ថង សាវុន ប្រធានគណបក្សខេត្ត រួមនិងក្រុមការងារជាប្រតិភូអមដំណើរផងដែរ ។

ថ្លែងបើកក្នុងពិធីនោះឯកឧត្តម ថង សាវុន ប្រធានគណបក្សបានលើកឡើងថា មានតែគណបក្សប្រជាជនទេ ដែលមិនប្រកាន់សាសនា ពណ៌សម្បុរ។

បងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះសុទ្ធតែមានជីវភាពធូរធារ និងមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ គឺបានគុណសម្តេចតេជោប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី ដែលជានិច្ចកាល សម្តេចតែងតែខ្វល់ខ្វាយពីសុខទុក្ខបងប្អូន មិនថាសាសនាណាឡើយ បន្ថែមពីលើនេះទៀតឯកឧត្តម ណុះ ស្លេស ក៏បានមានមតិជម្រុញអោយបងប្អូនទាំងអស់ដែលបានអញ្ជើញចូលរួម ជួយជម្រុញក្រុមគ្រួសារឯទៀតដែលមិនបានចូលរួមសូមទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៩កក្កដានេះកុំបីខាន និងបោះឆ្នោតជូនគណបក្សប្រជាជនដើម្បីអោយសម្តេចតេជោធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ។